ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីមួយទៀតឈ្មុសឈ្មុលចង់ចូលរួមជាមួយក្រុមប្រទេស AUKUS
ប្រទេសកូរ៉េខាងត្បូងបានពិភាក្សាអំពីការចូលរួមក្នុងគម្រោងការការពារជាតិនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS ដែលមានបងធំសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ ។
ការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងកើតមានឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រមុខការពារជាតិក្រុមប្រទេស AUKUS ក៏ខ្នះខ្នែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយប្រទេសជប៉ុនលើគម្រោងការពង្រឹងសមត្ថភាពក្រោមក្របខណ្ឌសន្តិសុខនៃកិច្ចព្រមព្រៀងមួយនេះ ។
ក្រុមប្រទេស AUKUS មានសសរស្តម្ភចំនួន ២ ហើយទី ១ នោះគឺការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរនៅក្នុងប្រទេសអូស្ត្រាលី ខណៈសសរស្តម្ភទី ២ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការផ្ដោតលើការបង្កើនបច្ចេកវិទ្យាទំនើបៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងការផលិតមីស៊ីលលឿនជាងសំឡេងជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោក Shin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងនៅទីក្រុងមែលប៊នថា ប្រទេសកូរ៉េខាងត្បូងអាចចូលរួមចំណែកជាមួយក្រុមប្រទេស AUKUS ជាពិសេសក្នុងសសរស្តម្ភទី ២ ជាមួយនឹងការបង្កើនសមត្ថភាពការពារជាតិ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម ។
កូរ៉េខាងត្បូងដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសហរដ្ឋអាមេរិក និងជាប្រទេសមានឧស្សាហកម្មការពារជាតិឈានមុខគេមួយនៅលើពិភពលោក ត្រូវបានគេប៉ាន់ស្មានជាយូរមកហើយថា ជាដៃគូដ៏មានសក្តានុពលក្នុងសសរស្តម្ភទី ២ របស់ AUKUS រួមជាមួយកាណាដា នូវែលសេឡង់ និងជប៉ុន ស្របពេលដែលក្រុមប្រទេសនៃកិច្ចព្រមព្រៀងស្ដីពីនាវាដើរដោយថាមពលនុយក្លេអ៊ែរមួយនេះ ក៏ទើបតែពិចារណាធ្វើការជាមួយប្រទេសជប៉ុនផងដែរ ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles ក៏បានលើកឡើងផងដែរថា “កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានបច្ចេកវិទ្យាគួរឲ្យចាប់ចិត្តយ៉ាងខ្លាំង ដែលយើងរាល់គ្នាគួរតែមានការចែករំលែក ។ នៅពេលដែលសសរស្តម្ភទី ២ របស់ AUKUS មានការវិវឌ្ឍន៍ វានឹងផ្ដល់ឱកាសឲ្យយើងនាពេលអនាគត ហើយវាក៏មានទំនាក់ទំនងនឹងប្រទេសជប៉ុនដូចគ្នា” ។
ទោះយ៉ាងណា ប្រទេសចិនដែលជាអ្នករិះគន់យ៉ាងចាស់ដៃទៅលើកតិកាសញ្ញានេះបាននិយាយកាលពីខែមេសាថា ការបន្ថែមសមាជិកថ្មីនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ ជាពិសេសតំបន់ប៉ាស៊ីហ្វិក ហើយអាមេរិក អង់គ្លេស និងអូស្ត្រាលីមិនគួរយកតំបន់ទាំងនេះធ្វើជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាចនោះទេ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចាប់កំណើតក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុក AUKUS គឺជាគ្រោះថ្នាក់មួយ ហើយថែមទាំងព្រមានទៀតថា កិច្ចព្រមព្រៀងនេះអាចនឹងរុញច្រានឲ្យមានការបង្ហាញសាច់ដុំផ្នែកសព្វាវុធនៅក្នុងតំបន់ផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ហេតុអ្វីពេលនេះហើយ វៀតណាម នៅមិនទាន់រកបានប្រធានាធិបតីថ្មី?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


