ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូននាវាចម្បាំងចូលច្រកសមុទ្រតៃវ៉ាន់ មុនថ្ងៃឡើងកាន់តំណែងប្រធានាធិបតីថ្មី
នាវាចម្បាំងអាមេរិក បានធ្វើដំណើរមកដល់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃទី៨ ខែឧសភា ម្សិញមិញ ដែលរយៈពេលនេះគឺមិនដល់២សប្ដាហ៍នោះទេមុនការឡើងកាន់តំណែងប្រធានាធិបតីថ្មីរបស់តៃវ៉ាន់។ សកម្មភាពដូច្នោះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកមិនស្ទើរនោះឡើយ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឲ្យដឹងថា នាវាចម្បាំងអាមេរិក ជាប្រភេទនាវាពិឃាដ USS Halsey (DDG-97) បាញ់ទម្លាក់គ្រាប់មីស៊ីល ហើយការមកដល់ច្រកសមុទ្រតៃវ៉ាន់ គឺចំពេលវេលាល្អតែម្ដង មុនថ្ងៃចូលឡើងកាន់តំណែងថ្មីរបស់លោក Lai Ching-te នាថ្ងៃទី២០ ខែឧសភាខាងមុខ ដែលចិនតែងតែចាត់ទុករូបលោកគឺជាជនផ្ដាច់ខ្លួននិយមដ៏មានគ្រោះថ្នាក់មួយរូប។
កងនាវាចរណ៍លេខ៧ របស់អាមេរិក បាននិយាយថា ដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាប្រតិបត្តិការប្រចាំរបស់សហរដ្ឋអាមេរិក ពោលគឺនាវាចម្បាំង ឬជួនកាលជាយន្តហោះល្បាតអាមេរិក តែងតែឆ្លងកាត់តំបន់នេះម្ដងជារៀងរាល់ខែជានិច្ច។
ពាក់ព័ន្ធនឹងរឿងនេះ ខាងយោធាចិន បានចាត់ទុកថា ការអះអាងនេះគឺជា “ការឃោសនាបំផ្លើសការពិតជាសាធារណៈ”។ យោធាចិន បន្ថែមថា ខ្លួនបានបញ្ជូនកម្លាំងជើងទឹក និងអាកាស ឲ្យឃ្លាំមើល និងព្រមាននាវាអាមេរិក ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិនាវាចរណ៍របស់ខ្លួន។ “កងទ័ពនៅក្នុងហេតុការណ៍បែបនេះរមែងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្លាំងជានិច្ច ហើយនឹងការពារអធិបតេយ្យភាព និងសន្ដិសុខជាតិយ៉ាងម៉ឺងម៉ាត់ ព្រមទាំងស្ថិរភាព និងសន្ដិភាពក្នុងតំបន់” នេះជាសេចក្ដីថ្លែងការណ៍របស់កងទ័ពរំដោះប្រជាជនចិន។

ដោយឡែក ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានប្រកាសដែរថា នាវាចម្បាំងអាមេរិកបានធ្វើដំណើរទៅភាគខាងត្បូងនៃច្រកសមុទ្ររបស់ខ្លួន ហើយទ័ពតៃវ៉ាន់បានពិនិត្យឃ្លាំមើលស្ថានភាព តែមិនរកឃើញភាពខុសប្រក្រតីអ្វីឡើយ។
សូមបញ្ជាក់ថា កំឡុងពេល៤ឆ្នាំចុងក្រោយ យោធាចិនតែងបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ជានិច្ច ដូចជា ការបញ្ជូនយន្តហោះចម្បាំងហោះរំលងខ្សែបន្ទាត់ព្រំដែនច្រកសមុទ្រតៃវ៉ាន់ ជាដើម។ បន្ទាត់ព្រំដែនច្រកសមុទ្រនេះ មិនត្រូវបានចិនទទួលស្គាល់នោះឡើយ។
ក្រោមរដ្ឋបាលគ្រប់គ្រងដោយលោកស្រី Tsai Ing-wen នៅតៃវ៉ាន់ ភាពតានតឹងជាមួយចិនហាក់មិនថមថយសោះ ខណៈដែលលោកស្រី និងរដ្ឋាភិបាលលោកស្រីតែងតែបដិសេធនឹងការអះអាងរបស់ចិន ដែលចង់បានតៃវ៉ាន់ទៅគ្រប់គ្រង។ ក្រោយចប់អាណត្តិលោកស្រី Tsai Ing-wen, លោក Lai Ching-te ដែលជាអនុប្រធានាធិបតី នឹងឡើងកាន់តំណែងបន្តជាផ្លូវការនាថ្ងៃទី២០ ខែឧសភាខាងមុខ បន្ទាប់ពីឈ្នះការបោះឆ្នោតជាតិកាលពីខែមករាកន្លងទៅ បើទោះជាមានការគំរាមពីចិនថា លោក Lai Ching-te អាចនឹងក្លាយជាអ្នកនាំភ្លើងសង្គ្រាមចូលទៅក្នុងតៃវ៉ាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


