កីឡា
កញ្ញា ខៀវ ចិន្តារ័ត្ន សម្លឹងឃើញគន្លឹះអាចឈ្នះមេដាយជូនជាតិពីគុនចម្រុះអាស៊ី
កីឡាការិនី ខៀវ ចិន្តារ័ត្ន នឹងប្រកួតវិញ្ញាសាទម្ងន់៤៩គីឡូក្រាមក្នុងព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ (Asian Mixed Martial Arts Championship) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ថ្ងៃទី១១-១២-១៣ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើក។

ស្ថិតក្នុងចំណោមកីឡាការិនី៥រូបនៃអត្តពលិកគុនចម្រុះជម្រើសជាតិកម្ពុជា១៦រូបត្រៀមការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ កីឡាការិនីល្បុក្កតោ ខៀវ ចិន្តារ័ត្ន ជាកីឡាការិនីម្នាក់ដែលមានបទពិសោធច្រើន និងសង្ឃឹមខ្ពស់ក្នុងការស្វែងរកមេដាយជូនជាតិ។
ខៀវ ចិន្តារ័ត្ន បានឲ្យដឹងថា ចាប់តាំងពីមានឈ្មោះចូលរួមប្រកួតមក កញ្ញាបានចូលជំរំហ្វឹកហាត់បានដិតដល់រយៈពេលជាង១ខែហើយ។ បន្ទាប់ពីបានហ្វឹកហាត់ដិតដល់ជាមួយគ្រូជំនាញគុនចម្រុះរយៈពេលជាង១ខែកន្លងទៅ ក្រុមគ្រូបង្វឹកបានវាយតម្លៃពីសមត្ថភាពរបស់កញ្ញាល្អប្រសើរជាងមុន។
កីឡាការិនីដែលមានជំនាញគុនល្បុក្កតោបានប្រាប់ថា ៖«តាមការវាយតម្លៃរបស់លោកគ្រូគឺសមត្ថភាពរបស់ខ្ញុំល្អប្រសើរជាងមុន។ ដូចកម្លាំងស៊ុហ្វ បច្ចេកទេស ប្រសើរជាងមុនច្រើន»។

ក្រៅពីការហ្វឹកហាត់បង្កើនសមត្ថភាព ខៀវ ចិន្តារ័ត្ន និងគ្រូបង្វឹកបានសិក្សាស្វែងយល់ពីដៃគូជាផ្តោតលើវិញ្ញាសាទម្ងន់៤៩គីឡូក្រាមដែលនាងត្រូវប្រកួត។ អ្វីដែលគួរឲ្យកត់សំគាល់គឺកីឡាការិនីដែលបានប្រកួតគុនចម្រុះអាស៊ីកាលពីឆ្នាំ២០២៣ នៅប្រទេសថៃគឺភាគច្រើនប្រើក្បាច់ឈរច្រើនជាងក្បាច់ក្រោម។
ខៀវ ចិន្តារ័ត្ន បានលើកឡើងថា ៖«គេអត់សូវប្រើក្បាច់ក្រោមប៉ុន្មានទេ តែជាក់ស្តែងបច្ចុប្បន្ន ខ្ញុំមិនដឹងថា គេអភិវឌ្ឍយ៉ាងណា។ តែបើតាមមើលវីដេអូចាស់ៗឆ្នាំមុន ខ្ញុំគិតថា សមត្ថភាពរបស់ខ្ញុំមានគឺក្បាច់ក្រោមល្អជាង»។

បទពិសោធហ្វឹកហាត់ក្បាច់ល្បុក្កតោរាប់ឆ្នាំ គួបផ្សំនឹងការហ្វឹកហាត់ជាមួយគ្រូបង្វឹកជំនាញគុនចម្រុះបានធ្វើឲ្យកីឡាការិនីរូបនេះជឿជាក់លើសមត្ថភាពខ្លួនឯង និងសង្ឃឹមទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីនេះ។
ខៀវ ចិន្តារ័ត្ន បានបញ្ជាក់ថា ៖«ម្យ៉ាងទៀត ខ្ញុំហ្វឹកហាត់ជាមួយដៃគូដែលមានគីឡូធំៗ អីចឹងធ្វើឲ្យខ្ញុំមានទំនុកចិត្តដែរ។ អ្វីដែលខ្ញុំបារម្ភគឺរឿងគីឡូ ពីព្រោះគីឡូខ្ញុំស្រាល។ ខ្ញុំខ្លាចតែគីឡូអត់គ្រប់ ប៉ុន្តែទាក់ទឹងនឹងក្បាច់ បទពិសោធ បច្ចេកទេស កម្លាំងគឺអត់មានអ្វីគួរឲ្យព្រួយបារម្ភទេ។ ខ្ញុំសង្ឃឹមទទួលបានមេដាយជូនជាតិ»។

ព្រឹត្តិការណ៍ប្រកួតគុនចម្រុះអាស៊ីគឺរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ នេះជាការប្រកូតផ្លូវការ ប៉ុន្តែមិនមែនជាការប្រកួតគុនចម្រុះអាជីពដូចសង្វៀនឯកជនរៀបចំដែលមានក្បាច់គ្រោះថ្នាក់ និងសាហាវៗនោះទេ។ គោលបំណងធំបំផុតនៃការរៀបចំព្រឹត្តិការណ៍នេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាផ្លូវការ ស្តង់ដាត្រឹមត្រូវដើម្បីចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាអូឡាំពិក។
ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីជ្រើសរើសជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) ឆ្នាំ២០២៤ នៅប្រទេសថៃនាខែវិច្ឆិកា។

សម្រាប់កម្ពុជាបានត្រៀមអត្តពលិកទាំង១៦រូបរួចហើយគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


