ព័ត៌មានអន្ដរជាតិ
អតីតមន្ត្រីដែលរត់ចោលស្រុកពីកូរ៉េខាងជើង ទទួលបានតំណែងខ្ពស់មួយនៅកូរ៉េខាងត្បូង
ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងអតីតមន្ត្រីការទូតរបស់ក្រុងព្យុងយ៉ាងម្នាក់ ជាអនុរដ្ឋមន្ត្រី ហើយនេះគឺការតែងតាំងតំណែងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ជនជាតិកូរ៉េខាងជើងរាប់ម៉ឺននាក់ដែលធ្លាប់រត់ចោកស្រុកមកសុំសិទ្ធិរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក Tae Yongho ធ្លាប់ធ្វើជារដ្ឋមន្ត្រីនៃស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ មុនពេលដែលលោកបានភៀសខ្លួនទៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៦។ លោក Tae គឺជាមន្ត្រីកូរ៉េខាងជើងមានឋានៈខ្ពស់បំផុត ដែលបានរត់ចោលស្រុកមកតាំងទីលំនៅថ្មីនៅលើទឹកដីកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅលើទឹកដីកូរ៉េខាងត្បូង ដំបូងឡើយ លោក Tae ត្រូវបានបោះឆ្នោតឲ្យក្លាយជាសមាជិកសភានៅក្នុងឆ្នាំ២០២០ ដូចទៅនឹងមន្ត្រីរត់ចោលស្រុកកូរ៉េខាងជើងមួយចំនួនទៀតផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្ដល់តំណែងថ្មីឲ្យលោក Tae ក្លាយជាអគ្គលេខាក្រុមប្រឹក្សាបង្រួបបង្រួមសន្តិភាព ដែលមានតួនាទីផ្តល់ដំបូន្មានគោលនយោបាយដល់ប្រធានាធិបតីស្តីពីការបង្រួបបង្រួមកូរ៉េដោយសន្តិភាព។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Tae គឺជាមនុស្សសក្ដិសមសម្រាប់តំណែងនេះ ដោយសារតែលោកអាចប្រើប្រាស់បទពិសោធន៍រស់នៅក្នុងប្រទេសកូរ៉េខាងជើង និងបទពិសោធន៍ការងារក្នុងនាមជាសមាជិកនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូងស្តីពីគោលនយោបាយការបរទេស និងការបង្រួបបង្រួម។
បើយោងតាមក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល មុខតំណែងនេះ បានធ្វើឲ្យលោក Tae ក្លាយជាអ្នករត់ចោលស្រុកកូរ៉េខាងជើងដំបូងគេ ដែលត្រូវបានតែងតាំងឋានៈជាអនុរដ្ឋមន្ត្រី នៅក្នុងចំណោមជនជាតិកូរ៉េខាងជើងប្រហែល ៣៤ ០០០នាក់។
លោក Tae បាននិយាយថា កាលដែលលោករត់ចោលស្រុក ដោយសារតែលោកមិនចង់ឲ្យកូនៗរបស់លោករស់នៅ “វេទនា” ហើយមួយវិញទៀត លោកបានកើតមានអារម្មណ៍ “អស់សង្ឃឹម” ចំពោះមហិច្ឆតានុយក្លេអ៊ែរ និងរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ដែលបានដាក់ទោសប្រហារជីវិតទៅលើក្រុមមន្ត្រី។
យ៉ាងណាមិញ កូរ៉េខាងជើងបានហៅលោក Tae ថាជា «មនុស្សថោកទាប (Human Scum)» ហើយបានចោទពីបទកេងបន្លំថវិកាជាតិ និងប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងៗ។
សូមបញ្ជាក់ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើតមានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះជាបែបនេះក្ដី ហេតុតែមានប្រវត្តិមកពីប្រទេសដែលផ្ដាច់ការ ក្រីក្រ និងសង្គមនិយម ជនរត់ចោលស្រុកជាច្រើនបានជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង។
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាប់បានសន្យានៅអំឡុងថ្ងៃសម្ពោធ “ទិវាអ្នករត់ចោលស្រុកកូរ៉េខាងជើង” កាលពីថ្ងៃអាទិត្យទី១៤ ខែកក្កដាកន្លងទៅថា នឹងមានការគាំទ្រពីរដ្ឋាភិបាលកាន់តែច្រើនឡើង ដើម្បីបង្កើនគុណភាពជីវិតរបស់អ្នករត់ចោលស្រុកកូរ៉េខាងជើង៕
ដោយ៖ ឈាង
ចុចអាន៖ មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើង លួចរត់ពីគុយបា ចូលទៅកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


