ព័ត៌មានជាតិ
ចិន បន្តសហការ លុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម លុឺង ជុនយុីង (LEUNG Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លើ “គម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ”។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។

ភាគីទាំងពីរ បានពិភាក្សា និងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ ដែលគម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធសេវាសុខាភិបាល ឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេស មូលនិធិ GX ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក លុឺង ជុនយុីង (LEUNG Chun Ying) សាស្ត្រាចារ្យ ឈាង រ៉ា រួមទាំង លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការបញ្ចប់គម្រោងលុបបំបាច់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ដោយជោគជ័យ ដោយគម្រោងនេះបានផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយដោយ ឥតគិតថ្លៃដល់ប្រជាជននៅខេត្តព្រៃវែង និងបណ្តាខេត្តជុំវិញ បានចំនួន ៣៨៩១ ករណី និងពិនិត្យព្យាបាលបញ្ហាសុខភាពភ្នែកផ្សេងៗទៀត បានចំនួន ៥៣៦៧នាក់។

ជាមួយគ្នានេះ គណៈអធិបតីខាងលើ ក៏បានចូលរួមជាសក្ខីភាពក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ (២០២៤-២០២៦)៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


