ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ការបរិភោគអាហារប្រចាំថ្ងៃ ខណៈអត្រាស្លាប់ នៃជំងឺមិនឆ្លងកើនឡើង
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការបរិភោគអាហារប្រចាំថ្ងៃ ខណៈបច្ចុប្បន្នអត្រាស្លាប់ នៃជំងឺមិនឆ្លងមានលើសពី ៥០%។

សន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី ៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អត្រាស្លាប់ នៃជំងឺមិនឆ្លងមានលើសពី ៥០% ភាគច្រើន គឺជាជំងឺសរសៃឈាម និងជំងឺបេះដូង ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នការហូបចុកប្រចាំថ្ងៃដូចជាត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។
លោករដ្ឋមន្ត្រី បានបន្ដថា «ការហូបចុក និងរបៀប នៃការរស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការយល់ដឹង។ ការបរិភោគខ្លាញ់ច្រើន ស្ករ ឬ អំបិលច្រើន ពិសាគ្រឿងស្រវឹង ឬជក់បារី វាអាចបណ្ដាលឱ្យមានជំងឺផ្សេងៗ ដែលជំរុញឱ្យកើតជំងឺសរសៃឈាមបេះដូង»។

លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសគ្រូពេទ្យឯកទេសបេះដូង ត្រូវតែផ្ដោតអារម្មណ៍យកចិត្តទុកដាក់ឱ្យបានខ្លាំងខ្ពស់ ហើយដើរឱ្យទាន់នូវការវិវឌ្ឍន៍ នៃសុខភាពរបស់ប្រជាពលរដ្ឋយើង។ ពិសេសពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ខិតខំធ្វើយ៉ាងណា ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធភាពព្យាបាល បង្ការ និងការពារ។
ជាងនេះទៅទៀត ត្រូវផ្ដល់នូវសារអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យបាននូវការយល់ដឹងជាការអប់រំសុខភាពឱ្យកាន់តែទូលាយបន្ថែម ការហូបចុកក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបានការពារទុកជាមុន និងឱ្យមកស្វែងរកការពិនិត្យសុខភាពឱ្យទាន់ពេលវេលា កុំឱ្យមានបញ្ហា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានណែនាំឱ្យយកចិត្តទុកដាក់ក្នុងផ្តល់ការថែទាំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ពិសេសដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយាល ត្រូវចូលរួមការពារ ដោយផ្ដល់នូវការថែទាំអ្នកជំងឺ ទឹកនោមផ្អែម និងលើសឈាម ដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិធម៌ ដើម្បីឱ្យកាត់បន្ថយហានិភ័យ នៃសុខភាព។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ រួមនឹងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូង និងសរសៃឈាម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


