ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ គ្រោងចំណាយលើវិស័យការពារជាតិ លើសពីកំណើន GDP របស់ខ្លួន
គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី២២ខែសីហាថា ការចំណាយលើវិស័យការពារជាតិរបស់ខ្លួននឹងកើនឡើង ៧,៧% នៅឆ្នាំ២០២៥ ដែលលើសពីកំណើនសេដ្ឋកិច្ចដែលរំពឹងទុក ខណៈដែលកោះនេះបានទិញយន្តហោះចម្បាំង និងមីស៊ីលបន្ថែមទៀត ដើម្បីទប់ស្កាត់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីប្រទេសចិន។
មហាយក្សចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល៥ឆ្នាំចុងក្រោយទៅលើកោះតៃវ៉ាន។ យ៉ាងណា តៃវ៉ាន់រមែងបដិសេធនូវការអះអាងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍ថា ការចំណាយលើវិស័យការពារជាតិនៅឆ្នាំ២០២៥ នឹងកើន ៧,៧% ឡើងដល់ ២០,២៥ពាន់លានដុល្លារ ដែលស្មើនឹង ២,៤៥%នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈឆ្នាំ២០២៤នេះ ការចំណាយមានត្រឹម ២,៣៨%នៃ GDP ប៉ុណ្ណោះ។ គម្រោងចំណាយនេះ គឺលើសពីការរំពឹងទុករបស់រដ្ឋាភិបាលសម្រាប់កំណើនសេដ្ឋកិច្ច ៣,២៦% សម្រាប់ឆ្នាំ២០២៥។
ការចំណាយរួមមានថវិកាពិសេសដែលមានតម្លៃ ២,៨ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី និងបង្កើនការផលិតមីស៊ីល។ នោះគឺជាផ្នែកនៃការចំណាយបន្ថែមរបស់យោធាក្នុងរយៈពេល៥ឆ្នាំដែលមានតម្លៃសរុប ៧,៥ពាន់លានដុល្លារ ដែលបានប្រកាសកាលពីឆ្នាំ២០២១។
លោក Hsieh Chi-hsien ប្រធានការិយាល័យត្រួតពិនិត្យរបស់ក្រសួងការពារជាតិ បានប្រាប់អ្នកសារព័ត៌មានថា ការចំណាយលើវិស័យការពារជាតិកំពុង «កើនឡើងជាលំដាប់» និងឈានដល់ ៣% នៃផលិតផលក្នុងស្រុកសរុប ហើយវាគឺជាគោលដៅដែលតៃវ៉ាន់រំពឹងថានឹងសម្រេចបាន។ លោក Hsieh បានសង្កត់ធ្ងន់ថា៖ «យើងនឹងមិនចូលរួមក្នុងការប្រកួតប្រជែងសព្វាវុធជាមួយប្រទេសផ្សេងទៀតទេ។ យើងនឹងបង្កើនការចំណាយជាលំដាប់តាមតម្រូវការរបស់យើង»។
រដ្ឋាភិបាលរបស់តៃវ៉ាន់ បានធ្វើទំនើបកម្មយោធាឲ្យក្លាយជាវេទិកាគោលនយោបាយដ៏សំខាន់ ហើយបានសន្យាម្តងហើយម្តងទៀតថានឹងចំណាយបន្ថែមទៀតលើវិស័យការពារជាតិ រួមទាំងការអភិវឌ្ឍនាវាមុជទឹកដោយខ្លួនឯងផងដែរ ព្រោះតែការគំរាមកំហែងពីប្រទេសចិនកំពុងកើនឡើងគួរឲ្យកត់សម្គាល់។
កងទ័ពអាកាសក្រុងប៉េកាំង បានហោះហើរស្ទើរតែរាល់ថ្ងៃនៅក្បែរកោះតៃវ៉ាន់ ហើយកាលពីខែឧសភា ចិនបានរៀបចំសមយុទ្ធសង្គ្រាមជុំវិញកោះតៃវ៉ាន់ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី Lai Ching-te ឡើងកាន់តំណែង។ លោក Lai ត្រូវបានប្រទេសចិនចាត់ទុកថាជា «ជនផ្ដាច់ខ្លួននិយម» ដែលតែងតែជំទាស់នឹងក្រុងប៉េកាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


