ព័ត៌មានអន្ដរជាតិ
ប្រាក់បាតឡើងថ្លៃបំផុតតាំងពីឆ្នាំ ១៩៩៨ គំរាមកំហែងដល់ទេសចរណ៍ និងការនាំចេញរបស់ថៃ
តម្លៃប្រាក់បាតរបស់ថៃទំនងនឹងកើនឡើងខ្ពស់បំផុតប្រចាំត្រីមាស រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ដោយកំពុងគំរាមកំហែងដល់ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងនាំចេញសំខាន់ៗរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុន។

ប្រាក់បាតបានឡើងរហូតដល់ ១០ ភាគរយ ធៀបនឹងប្រាក់ដុល្លារ រាប់ចាប់តាំងពីចុងខែមិថុនា ដែលនេះជាកំណើនតម្លៃច្រើនបំផុតរាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៨។ ការណ៍នេះបង្កការអំពាវនាវឱ្យមានការទប់ស្កាត់កំណើនខ្លាំងពេក ពីអ្នកខាងវិស័យទេសចរណ៍ និងសណ្ឋាគារ និងក្រុមអាជីវកម្មផ្សេងៗ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan និងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul កាលពីសប្ដាហ៍មុន បានជំរុញឱ្យធនាគារកណ្តាលថៃ (BoT) ចាត់វិធានការដើម្បីគ្រប់គ្រងរូបិយប័ណ្ណឡើងវិញ និងទប់ស្កាត់ការប្រែប្រួលរបស់វា។
ការឡើងថ្លៃប្រាក់បាត រួមចំណែកខ្លាំងដោយការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក មុនពេលធនាគារកណ្ដាលអាមេរិកកាត់បន្ថយអត្រាការប្រាក់កាលពីថ្ងៃពុធសប្ដាហ៍មុន។ យោងតាមសហព័ន្ធឧស្សាហកម្មថៃ ( FTI) ការកើនឡើងខ្ពស់នៃប្រាក់បាតធៀបនឹងតម្លៃនៃរូបិយប័ណ្ណរបស់ដៃគូពាណិជ្ជកម្មរបស់ថៃផ្សេងៗ អាចជំរុញឱ្យបណ្ដាប្រទេសនាំចូលស្វែងរកប្រភពទំនិញដែលមានតម្លៃថោកជាងថៃ។ បើតាមក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ ទោះបីជាថៃទទួលបានភ្ញៀវទេសចរច្រើននាពេលបច្ចុប្បន្នក៏ដោយ មិនយូរមិនឆាប់ ភាពខ្លាំងនៃប្រាក់បាតនឹងធ្វើឱ្យការចំណាយរបស់ភ្ញៀវលើការទិញទំនិញ និងសណ្ធាគារកើនឡើង ដែលអាចនឹងប៉ះពាល់ដល់លំហូរចូលនៃទេសចរធ្លាក់ចុះ។

ការឡើងថ្លៃនៃប្រាក់បាត គឺជាបញ្ហាប្រឈមចុងក្រោយបំផុតសម្រាប់នាយករដ្ឋមន្ត្រីថ្មី គឺលោក ស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលបានសន្យាជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងកាត់បន្ថយថ្លៃរស់នៅ។ ខណៈកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃស្ថិតក្នុងល្បឿនយឺតយ៉ាវ វិស័យទេសចរណ៍ និងការនាំចេញរបស់ប្រទេស ដែលអាចរងផលប៉ះពាល់ដោយភាពថ្លៃនៃប្រាក់បាត គឺជាវិស័យជំរុញសេដ្ឋកិច្ចដ៏សំខាន់ក្នុងកាលៈទេសៈបច្ចុប្បន្ន។
ជាមួយនឹងការនាំចេញរបស់ថៃមានទំហំជិត ៦០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប អាជ្ញាធរថៃបាន និងកំពុងរិះរកវិធីដើម្បីរក្សាកំណើននៃការនាំចេញនាពេលថ្មីៗនេះ។ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍មុនថា ការហក់ឡើងនៃប្រាក់បាត កំពុងបន្ថែមបញ្ហាដល់វិស័យឯកជនដូចជាតម្លៃផលិតកម្មខ្ពស់ និងលំហូរដូចទឹកបាក់ទំនប់នៃទំនិញថោកៗពីចិនជាដើម។ លោកថា តម្លៃប្រាក់បាតខ្ពស់ កាន់តែបង្កបញ្ហាសម្រាប់អ្នកនាំចេញ ដែលអាជ្ញាធរពាក់ព័ន្ធថៃត្រូវធានាធ្វើយ៉ាងណា មិនឱ្យប្រាក់បាតថោកពេក ឬថ្លៃពេក ហើយសំខាន់បំផុត គឺមិនប្រែប្រួលខ្លាំងពេក។
បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ ប្រាក់បាតបានឡើងថ្លៃពី ៣៦,៤៦ បាត/ដុល្លារ ក្នុងខែកក្កដា ដល់ ៣៤,៩២ បាត/ដុល្លារ កាលពីខែសីហា។ នាថ្ងៃចន្ទនេះ តម្លៃប្រាក់បាតបានជួញដូរនៅ ៣២,៨៩ បាត/ដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


