ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស៖ ក្នុង៨ថ្ងៃ កងទ័ពអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៣០០នាក់នៅហ្គាហ្សា
ក្រុមហាម៉ាសបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៣០០នាក់នៅភាគខាងជើងតំបន់ហ្គាហ្សាក្នុងរយៈពេលប្រាំបីថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី១៤ខែតុលានេះ។

នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir al-Balah កណ្តាលហ្គាហ្សា លោក Ismail al-Thawabta ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានពណ៌នាស្ថានភាពនៅភាគខាងជើងហ្គាហ្សា ថា ការវាយប្រហាររបស់អ៉ីស្រាអែលជា «ឃាតកម្មជាប្រព័ន្ធ និងការឡោមព័ទ្ធទាំងស្រុងប្រឆាំងនឹងជនស៊ីវិល»។
លោកបានបន្ថែមថា កងទ័ពកំពុងព្យាយាមបំផ្លាញប្រព័ន្ធថែទាំសុខភាពក្នុងគោលបំណងប្រែក្លាយតំបន់ហ្គាហ្សាភាគខាងជើងទៅជាតំបន់រងការបំផ្លិចបំផ្លាញទាំងស្រុង។ លើសពីនេះកងទ័ពអ៊ីស្រាអែលបានរារាំងក្រុមជួយសង្គ្រោះពីការទាញយកសាកសពចេញពីផ្លូវថែមទៀត។ លោក Al-Thawabta បានចោទប្រកាន់ថា សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្ត «ជាប្រព័ន្ធ ដោយចេតនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលសហរដ្ឋអាមេរិក»។
លើសពីនេះក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាគឺជា «ទង្វើនៃការសម្លាប់រង្គាល» ដោយព្រងើយកន្តើយនឹងច្បាប់ ឬកាតព្វកិច្ច និងមានសំអាងលើការគាំទ្ររបស់អាមេរិក។

ជាមួយគ្នានេះទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ាបានបង្ហោះលើបណ្តាញសង្គម X ថា ការបាញ់ផ្លោងជាបន្តបន្ទាប់ ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅភាគខាងជើងហ្គាហ្សាកាន់តែខ្លាំងឡើងក្នុងសប្តាហ៍មុន បណ្ដាលឲ្យមនុស្សជាង ៤០ម៉ឺននាក់កំពុងស្វែងរកទីជំរកថ្មី។ ក្នុងនោះជំរុំ Jabalia គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានរបាយការណ៍អំពីក្រុមគ្រួសារដែលជាប់គាំងជាច្រើន ខណៈកាផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ Jabalia នៅតែបន្តត្រូវបានបដិសេធ។
បើតាមក្រសួងពារជាតិអ៊ីស្រាអែល (IDF) បានអះអាងកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងទ័ព IDF បានបន្តប្រតិបត្តិការទូទាំងតំបន់ហ្គាហ្សាហើយបានវាយប្រហារគោលដៅប្រហែល៤០ និងបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់។

សូមរម្លឹកថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ឮ២០២៣ ដែលបណ្ដាលឲ្យ១២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
បើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តកើនឡើងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងជិត៤៣០០០នាក់ហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


