សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ
ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។

ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ព្រៃកោងកាងទាំងនេះ ក៏ដើរតួយ៉ាងសំខាន់ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុដោយស្រូបយកឧស្ម័នកាបូនិក និងជួបទប់ស្កាត់ការហូរច្រោះនៃដី ទឹកជំនន់ និងខ្យល់ព្យុះថែមទៀតផង។
មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានក្តីរីករាយគាំទ្រដល់ការស្តារឡើងវិញនៃព្រៃកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅនៅទីនេះដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារសំខាន់សម្រាប់សហគមន៍នេសាទ។ ដោយបានខិតខំសាមគ្គីគ្នា យើងមិនត្រឹមតែស្តារដើមកោងកាងឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់ធម្មជាតិ និងសហគមន៍ដើម្បីអនាគតប្រកបដោយសុខដុមរមនាផងដែរ”។
កម្មវិធីនោះ មានបុគ្គលិក និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់ បានចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបញ្ជាក់អំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពាររបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់អំពីការប្តេជ្ញាចិត្តគាំទ្រដល់ទស្សនវិស័យជាតិរបស់ប្រទេសកម្ពុជាដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ផងដែរ។ គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិចំណុចទី១៤ ដែលបញ្ជាក់អំពី “ជីវិតក្រោមទឹក” ដែលមានគោលបំណងអភិរក្ស និងប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបនិរន្តរភាព។

មានមតិអំពីគំនិតផ្តួចផ្តើមនេះ លោក ជា សេន ប្រធានស្តីទីសហគមន៍ត្រពាំងរពៅ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្ររបស់ណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះ មានសារសំខាន់ណាស់សម្រាប់សហគមន៍របស់យើងដោយវាជួយស្តារប្រព័ន្ធអេកូឡូស៊ីនៃដើមកោងកាងឡើងវិញ និងជួយធ្វើឱ្យជីវភាពនៃការនេសាទរបស់យើងមានភាពប្រសើរឡើង”។
គួរបញ្ជាក់ថា កាលពីខែកក្កដាក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំអ្នកចូលរួមប្រមាណ ២០០ នាក់ដាំកូនឈើចំនួន ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីយ៉ាងសកម្មដល់បុគ្គលិកស្ម័គ្រចិត្ត និងសហគមន៍ឱ្យចូលរួមថែរក្សាបរិស្ថាន និងអនុវត្តដើម្បីនិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤៥.២៩១ តាមរយៈសកម្មភាពចំនួន ១៥៧ ។

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


