Connect with us

សេចក្ដីជូនដំណឹង

ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតងលើកទីពីរ

បានផុស

នៅ

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួតប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសាលារៀនរបស់ពួកគេឱ្យស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលានៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងឆ្នាំ២០២៦ លើកទីមួយនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាគណៈអធិបតីក្នុងសិក្ខាសាលាលើកដំបូងដែលបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិត ១០០០ នាក់មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ១២ ដែលចូលរួមការប្រកួតប្រជែងដែលជាថ្ងៃចាប់ផ្តើមផ្លូវការនៃការប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតងសម្រាប់ឆ្នាំថ្មី២០២៦ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំពិធីដាំកូនឈើជានិមិត្តរូបនៅក្នុងទីធ្លាសាលារៀនដើម្បីសម្ពោធសួនច្បារថ្មីរបស់វិទ្យាល័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ និងណាហ្គាវើលដ៍បេះដូងសប្បុរសសម្រាប់ការប្តេជ្ញាចិត្តបន្តបន្ទាប់ជួយលើកកម្ពស់វិស័យអប់រំ សុខភាព និងសុខុមាលភាពរបស់សហគមន៍។ ការឧបត្ថម្ភគាំទ្ររបស់ពួកគេរាប់ចាប់ពីការឧបត្ថម្ភសម្ភារសិក្សា ការលើកកម្ពស់ការអាន និងអក្ខរកម្មឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការផ្តល់អាហារូបករណ៍ជាដើម បានបង្កើតឥទ្ធិពលយ៉ាងវិជ្ជមានក្នុងសង្គម។ ខ្ញុំជឿជាក់ថា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀតដែលនឹងជួយបង្កើនចំណេះដឹង ជំនាញ ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងចំណោមសិស្សានុសិស្សរបស់យើង”។

សិក្ខាសាលា រួមបញ្ចូលសកម្មភាពជាច្រើនដើម្បីឱ្យសិស្សានុសិស្សយល់ដឹងអំពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។

បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យកាលពីឆ្នាំមុន កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងលើកទីពីរនេះ នឹងពង្រីកពី ៦៧ ទៅ ៧៩ សាលារៀនដោយមានបន្ថែមសាលារៀនថ្មីៗក្នុងខេត្តកំពង់ចាម។ វិសាលភាពកាន់តែធំនេះ មានគោលបំណងផ្តល់ដល់សាលារៀន និងសិស្សានុសិស្សច្រើនជាងមុនដើម្បីឱ្យពួកគេទទួលបានចំណេះដឹងជាក់ស្តែងក្នុងការអនុវត្តប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ផងដែរថា “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានអត្ថន័យលើសពីការប្រកួតប្រជែង។ ការអប់រំ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរ។ តាមរយៈការលើកទឹកចិត្តយុវជនរបស់យើងឱ្យធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្ន មានន័យថា យើងបានចាក់គ្រឹះដើម្បីបង្កើតអនាគតកាន់តែភ្លឺស្វាង និងមាននិរន្តរភាពសម្រាប់គ្រប់គ្នា”។

គួរកត់ចំណាំថា នៅក្នុងខែវិច្ឆិកា និងខែធ្នូក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសនឹងរៀបចំសិក្ខាសាលានៅតាមសាលារៀនដែលបានចូលរួមការប្រកួតប្រជែងដើម្បីបំពាក់ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនូវចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ និងណែនាំពួកគេអំពីដំណើរការនៃការវាយតម្លៃ និងដាក់ពិន្ទុប្រចាំខែ។ ចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស នឹងទៅត្រួតពិនិត្យសាលារៀនទាំង ៧៩ រៀងរាល់ខែដើម្បីវាយតម្លៃអំពីវឌ្ឍនភាពរបស់ពួកគេ និងផ្តល់មតិត្រឡប់ដើម្បីឱ្យសាលារៀនទាំងនោះកាន់តែស្អាត និងបៃតង។ ដៃគូសហការនៃកម្មវិធីនេះ គឺក្រុមហ៊ុន ហ្គោមិ រីសាយខល នឹងគ្រប់គ្រងការប្រមូលសំណល់ និងកែច្នៃសំណល់ប្លាស្ទិកធ្វើជារបស់ប្រើប្រាស់ឡើងវិញ។


គួរបញ្ជាក់ថា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង បានកើតឡើងពីគំនិតដ៏សាមញ្ញមួយ គឺនៅពេលក្មេងៗត្រូវបានលើកស្ទួយ នោះសហគមន៍នឹងមានការផ្លាស់ប្តូរ។ នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ណាហ្គាវើលដ៍ក្នុងការការពារបរិស្ថាន និងគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។


អំពីណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម