Connect with us

កីឡា

លោក ឃឹម បូរី សរសើរ​ខ្សែ​ប្រយុទ្ធ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឆ្នាំ​នេះកាន់​តែ​ល្អ

បានផុស

នៅ

ក្លិប​ណាហ្គាវើលដ៍ បាន​ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​​បើក​ឆាក​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥​-២៦ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

លោក ឃឹម បូរី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​បរាជ័យ​នៅ​ក្រៅ​ដី​នេះ លោក​ ឃីម បូរី គ្រូ​បង្វឹក​ណាហ្គាវើលដ៍ បាន​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​ច្រើន​របស់​កក្រុម​លោក​ដែល​ត្រូវ​កែ​ប្រែ​សម្រាប់​ការ​ប្រកួត។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត លោក​មាន​ប្រសាសន៍​ថា ៖«​សម្រាប់​ការប្រកួត​ថ្ងៃនេះ ក្រុម​របស់​យើង​មាន​បញ្ហា​វគ្គ​ទី១​ច្រើន ហើយ​យើង​ធ្វើ​អត់​បាន​ល្អ​ទៅ​តាម​ផែន​ការ​ដែល​បាន​រៀបចំ។ យើង​លេង​បាន​ល្អ​នៅ​តំបន់​ម្ខាង ហើយ​​ខ្វះ​ចន្លោះ​នៅ​តំបន់​ម្ខាង​ដែល​ធ្វើ​ឲ្យ​គេ​មាន​ឱកាស​ទាត់​ចូល​ទី​យើង។ ខ្ញុំ​គិត​ថា យើង​ត្រូវ​ការ​កែ​ក្រែ​​ចំណុច​ខ្វះ​ខាត​ឲ្យ​បាន​​ច្រើន​​សម្រាប់​ការ​ប្រកួត​បន្ទាប់​។ មួយ​ទៀត​នោះ​គឺ​កីឡាករ​ត្រូវ​ការ​ប្រមូល​ស្មារតី​ឲ្យ​បាន​ល្អ​នៅ​ពេល​ជួប​ក្រុម​ខ្លាំង​ដូច​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង»។

កីឡាករ Patrick (ខោពណ៌ស) និងកីឡាករ​ណាហ្គាវើលដ៍

នៅ​ពេល​សួរ​ថា តើ​លោក​គ្រូ​យល់​ឃើញ​យ៉ាង​ណា​អំពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង? គ្រូ​បង្វឹក​កម្ពុជា​រូប​នេះ​បាន​ឆ្លើយ​ថា ៖«ឆ្នាំ​នេះ​ក៏​មិន​​ខុស​ពី​ឆ្នាំ​មុន​ដែរ។ ពួក​គេ​នៅ​តែ​ខ្លាំង​ គឺ​កាន់​តែ​​ខ្លាំង ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​របស់​ពួក​គេ​ថ្មី​សុទ្ធ​តែ​ល្អ។ ពួក​គេ​មាន​គុណភាព យើង​ពិបាក​ក្នុង​ការ​ប្រជែង​ដណ្តើម​​យល់​បាល់​ជា​មួយ​ពួក​គាត់​ណាស់។ ខ្ញុំ​គិត​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឆ្នាំ​នេះ​ល្អ»។

កីឡាករ សៀង ចន្ធា (ខោពណ៌ស)

កីឡាករ​សញ្ជាតិ​ប្រេស៊ីល Patrick Souza ​ដែល​ស៊ុត​ចូល ២ គ្រាប់​នៅ​វគ្គ​ទី១ និង​នៅ​វគ្គ​ទី២ ​បាន​បញ្ជូន​បាល់​ឲ្យ មិន រតនៈ ទាត់​ចូល​គ្រាប់​ទី​៣ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត។ នៅ​សប្តាហ៍​បន្ទាប់​ពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​ក្រុម​​អង្គរថាយហ្គឺរ ដែល​បាន​យក​ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធផល ៦-៣៕

កីឡាករ Patrick អបអរ​គ្រាប់​បាល់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម