ព័ត៌មានអន្ដរជាតិ
មិនទាន់ឡើងកាន់តំណែងផង លោក ត្រាំ ឈ្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ
មិនទាន់ឡើងកាន់តំណែងជាផ្លូវការផង លោក ដូណាល់ ត្រាំ បានបង្កជម្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយកាលពីពេលថ្មីៗនេះ លោកបានប្រកាសដំឡើងពន្ធថ្មីលើប្រទេសចំនួន៣ ដូចជាចិន ម៉ិកស៊ិក និងកាណាដា។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកវ័យ៧៨ឆ្នាំរូបនេះ បាននិយាយថា ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដំឡើងពន្ធ ២៥% លើទំនិញទាំងអស់មកពីម៉ិកស៊ិក និងកាណាដា ហើយពន្ធបន្ថែម ១០% នឹងត្រូវដាក់លើប្រទេសចិន រហូតទាល់តែរដ្ឋាភិបាលក្រុងប៉េកាំង រារាំងការរត់ពន្ធសារធាតុញៀនហ្វេតានីល ដែលសម្លាប់ពលរដ្ឋអាមេរិកជិត ៧៥ ០០០នាក់កាលពីឆ្នាំ២០២៣។
បញ្ហានេះធ្វើឲ្យទីក្រុងប៉េកាំងមិនសប្បាយចិត្តទេ ដោយស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃទី២៥ខែវិច្ឆិកាថា រវាងក្រុងប៉េកាំងឬក្រុងវ៉ាស៊ីនតោន នឹងគ្មាននរណាម្នាក់ឈ្នះសង្គ្រាមពាណិជ្ជកម្មឡើយ។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា «ទាក់ទិននឹងបញ្ហាពន្ធអាមេរិកលើចិន ចិនជឿថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិក នៅតែផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដដែល។ គ្មាននរណាម្នាក់នឹងឈ្នះសង្គ្រាមពាណិជ្ជកម្ម ឬក៏សង្គ្រាមពន្ធនោះទេ»។
ចំណែកឯប្រទេសម៉ិកស៊ិកឯណោះវិញ លោកស្រីប្រធានាធិបតី Claudia Sheinbaum បានស្តីបន្ទោសលោក ត្រាំ ខ្លាំងៗ ហើយគំរាមសងសឹក ដោយដំឡើងពន្ធលើសហរដ្ឋអាមេរិកដូចគ្នា។ លោកស្រីព្រមានថា ពន្ធគយនឹងបណ្តាលឲ្យមានអតិផរណានិងបាត់បង់ការងារធ្វើ នៅក្នុងប្រទេសទាំងពីរ។

គេដឹងថា ការដែលលោក ត្រាំ ដំឡើងពន្ធលើប្រទេសម៉ិកស៊ិក គឺដោយសារតែ មិនពេញចិត្តដែលរដ្ឋាភិបាលម៉ិកស៊ិក មិនអាចធ្វើអ្វីបានដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍និងគ្រឿងញៀន ចូលក្នុងទឹកដីអាមេរិក។
រីឯកាណាដា ការិយាល័យរបស់លោក Justin Trudeau បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានជជែកជាមួយលោក ត្រាំ រួចហើយពាក់ព័ន្ធបញ្ហានេះ ហើយបច្ចុប្បន្នកំពុងចរចាគ្នាបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក ត្រាំ ធ្លាប់សន្យាដាក់ពន្ធ ៦០% ឬច្រើនជាងនេះលើការនាំចូលទំនិញរបស់ចិន ហើយអះអាងទៀតថា លោកអាចដាក់ពន្ធ ២០០% ឬខ្ពស់ជាងនេះឯណោះលើយានយន្តដែលនាំចូលពីម៉ិកស៊ិក។
យ៉ាងណា អ្នកសេដ្ឋកិច្ចជាច្រើន ព្រមានថា សំណើរបស់លោក ត្រាំ សម្រាប់ពន្ធលើមូលដ្ឋានទូទៅនេះនឹងបង្កើនថ្លៃដើមនៃទំនិញប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិក ហើយធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន បញ្ចេញប្រតិកម្ម ក្រោយលោក ត្រាំ គំរាមដំឡើងពន្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


