ព័ត៌មានអន្ដរជាតិ
តើច្បាប់អាជ្ញាសឹក ធ្លាប់បានប្រកាសនៅកូរ៉េខាងត្បូងប៉ុន្មានដងមកហើយ?
សម្រាប់មនុស្សជាច្រើន ការសម្រេចចិត្តរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមសប្តាហ៍នេះ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ហើយទាន់ហន់ភ្លាមៗនឹកស្មានមិនដល់។ ប៉ុន្តែបើក្រឡេកមើលប្រវត្តិសាស្ត្រវិញ ស្ថានភាពចលាចលបែបនេះមិនមែនជាលើកទីមួយសម្រាប់រដ្ឋាភិបាលក្រុងសេអ៊ូលឡើយ ពោលគឺកើតឡើងជាច្រើនដងច្រើនសារួចមកហើយកាលពីអតីតកាល ក្រោយការកកើតប្រទេសនៅក្នុងឆ្នាំ១៩៤៨។

ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងហោចណាស់ចំនួន ១៦ដង។ នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS)។
ច្បាប់អាជ្ញាសឹកដំបូងគេបង្អស់ ត្រូវបានប្រកាសនៅក្នុងឆ្នាំ១៩៤៨ ដោយប្រធានាធិបតីនៅពេលនោះគឺលោក Syngman Rhee បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលប្រឈមមុខនឹងការបះបោរយោធាដឹកនាំដោយកុម្មុយនិស្ត។ លោក Rhee ដែលកាន់តំណែងជាប្រធានាធិបតីបានរយៈពេល១២ឆ្នាំ បានប្រកាសដាក់ច្បាប់អាជ្ញាសឹកម្តងទៀតនៅឆ្នាំ១៩៥២។
មុនច្បាប់អាជ្ញាសឹកប្រកាសដោយលោក Yoon ការប្រកាសច្បាប់អាជ្ញាសឹកចុងក្រោយបង្អស់នៅកូរ៉េខាងត្បូង ធ្វើឡើងដោយលោក Chun Doo-hwan ដែលជាឧត្តមសេនីយម្នាក់ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារ បន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Park Chung-hee ក្នុងឆ្នាំ១៩៧៩។ ការប្រកាសច្បាប់អាជ្ញាសឹកពេលនោះ គឺដើម្បីបង្រ្កាបក្រុមប្រឆាំង។
មួយថ្ងៃបន្ទាប់ពីលោក Chun បានប្រកាសច្បាប់អាជ្ញាសឹកក្នុងខែឧសភាឆ្នាំ១៩៨០ ក្រុមនិស្សិតដែលជំទាស់នឹងច្បាប់អាជ្ញាសឹក បានដើរតាមផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងរបបផ្តាច់ការយោធានៅទីក្រុង Gwangju។ លោក Chun បានឆ្លើយតបដោយហិង្សា ដោយបញ្ជូនយោធាទៅបង្ក្រាបក្រុមតវ៉ា។

យោងតាមការប៉ាន់ប្រមាណផ្លូវការ មនុស្សប្រហែល ២០០នាក់ ត្រូវបានសម្លាប់ ប៉ុន្តែក្រុមគ្រួសារនៃអ្នកនៅរស់រានមានជីវិត បាននិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។
ភាពចលាចលពេលនោះបានក្លាយជារបត់សំខាន់មួយ សម្រាប់បង្កើតជាកត្តាជំរុញមាគ៌ារបស់កូរ៉េខាងត្បូងឲ្យចាកឆ្ងាយពីការគ្រប់គ្រងបែបផ្តាច់ការទៅកាន់លទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៨៧ បន្ទាប់ពីហេតុការណ៍ដ៏តក់ស្លុតនៃអំពើហិង្សានៅទីក្រុង Gwangju។ លោក Chun ត្រូវបានចាត់ទុកជាជនផ្តាច់ការចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងត្បូង។
សព្វថ្ងៃនេះ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងនៅតែអនុញ្ញាតឲ្យប្រធានាធិបតីប្រកាសច្បាប់អាជ្ញាសឹក ដើម្បីជា «ការឆ្លើយតបទៅនឹងសង្គ្រាម ឧបទ្ទវហេតុ ឬអាសន្នជាតិ»។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញក៏ផ្តល់ឲ្យរដ្ឋសភានូវសមត្ថភាពក្នុងការលុបចោលការប្រកាសច្បាប់អាជ្ញាសឹកជាមួយនឹងសំឡេងគាំទ្រភាគច្រើន។
លោក Charles Kim សាស្ត្រចារ្យជំនាញខាងប្រវត្តិសាស្ត្រកូរ៉េមកពីសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន គឺលោក Yoon បានធ្វើ «គុណគូរខុស» ជាមួយនឹងការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយកត់សម្គាល់ថា វាមានភាពខុសប្លែកពីពេលដែលច្បាប់អាជ្ញាសឹកត្រូវបានសម្រេចដោយមេដឹកនាំមុនៗ។
លោក Kim បានមានប្រសាសន៍ថា៖ «ក្រោមរបបផ្តាច់ការកាលពីអតីតកាល ពួកគេអាចពឹងផ្អែកលើការគាំទ្រពីសភា ព្រោះវាមានភាពស៊ីសង្វាក់គ្នាជាមួយប្រធានាធិបតីច្រើនជាង។ ប្រធានាធិបតីអាចពឹងផ្អែកលើរដ្ឋសភា ដែលមិនព្យាយាមកែប្រែក្រឹត្យច្បាប់អាជ្ញាសឹកនៅក្នុងសម័យផ្តាច់ការ»។
លោកបានបន្ថែមថា ការសម្រេចចិត្តរបស់រដ្ឋសភាក្នុងការលុបចោលក្រឹត្យច្បាប់អាជ្ញាសឹកនេះក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងនៃការប្រកាសរបស់លោក Yoon រួមជាមួយនឹងការតវ៉ាដ៏ធំដែលបានផ្ទុះឡើង វាបានក្លាយជាផ្ញើសារដ៏មានអានុភាពទៅកាន់លោក Yoon និងមេដឹកនាំផ្សេងៗទៀតនាពេលអនាគតថា «វានឹងមិនដំណើរការទៅរួចទេ ព្រោះវាជាពេលវេលាខុសគ្នាខ្លាំង និងជាការរំឭកដ៏ឈឺចាប់ដល់ប្រធានាធិបតីថា គាត់មិនមានអំណាចបង្ខំលើប្រជាជននោះទេ»៕
ដោយ៖ ឈាង
ចុចអាន៖ មេបក្សកាន់អំណាចកូរ៉េខាងត្បូង៖ ពលរដ្ឋនឹងជួបគ្រោះធំ បើលោក Yoon បន្តកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


