ព័ត៌មានអន្ដរជាតិ
មេបញ្ជាការកូរ៉េខាងត្បូង៣រូប ត្រូវបញ្ឈរជើង និងយោធា១០នាក់ ត្រូវហាមមិនឲ្យចេញក្រៅប្រទេស
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤នេះថា មេបញ្ជាការយោធា៣រូប ត្រូវព្យួរពីការងារ ដោយហេតុថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីរាត្រីថ្ងៃអង្គារ ដែលបង្កជាភាពចលាចលពេញផ្ទៃប្រទេស។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap មេបញ្ជាការទាំង៣រូប មានដូចជា ឧត្តមសេនីយ៍ឯក Lee Jin-woo ប្រធានបញ្ជាការដ្ឋានការពាររដ្ឋធានី, ឧត្តមសេនីយ៍ឯក Kwak Jong-keun ប្រធានបញ្ជាការសង្គ្រាមពិសេសរបស់កងទ័ព និងឧត្តមសេនីយ៍ឯក Yeo In-hyung មេបញ្ជាការប្រឆាំងនឹងចារកម្ម។
ទន្ទឹមគ្នានេះដែរ រដ្ឋអាជ្ញាយោធា ក៏បានស្នើឲ្យមានការហាមឃាត់លើមន្ត្រីយោធាចំនួន ១០នាក់ មិនឲ្យចាកចេញពីប្រទេសផងដែរ។ ពួកគេកំពុងប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិ និងការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹងច្បាប់អាជ្ញាសឹក រួមទាំងមេបញ្ជាការទាំងបីរូបផងដែរ។
ចំណាត់ការនេះ បានធ្វើឡើងក្រោយមានការរិះគន់ចំពោះតួនាទីរបស់យោធាក្នុងការអនុវត្តច្បាប់អាជ្ញាសឹក និងការព្រួយបារម្ភជុំវិញលទ្ធភាពនៃការប្រកាសច្បាប់អាជ្ញាសឹកថ្មីមួយទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ក៏ត្រូវបានហាមប្រាមមិនឲ្យចាកចេញពីប្រទេសឡើយ និងត្រូវរងការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទក្បត់ជាតិ។
កាលពីយប់ថ្ងៃទី៣ធ្នូ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។
អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហារថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕
ដោយ៖ ឈាង
ចុចអាន៖ តើច្បាប់អាជ្ញាសឹក ធ្លាប់បានប្រកាសនៅកូរ៉េខាងត្បូងប៉ុន្មានដងមកហើយ?
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


