Connect with us

ព័ត៌មានអន្ដរជាតិ

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

បានផុស

នៅ

ពេលនេះក្រុមឧទ្ទាម Hayat Tahrir al-Sham ហៅកាត់ HTS បានសម្រុកចូលដល់ទីក្រុងដាម៉ាសហើយ ខណៈការប្រយុទ្ធគ្នាជាមួយកងកម្លាំងរបស់រដ្ឋាភិបាលលោក Bashar al-Assad កំពុងផ្ទុះឡើង ហើយក្រុមនេះ ក៏បានរំដោះអ្នកទោស ចេញពីពន្ធនាគារល្បីបំផុតរបស់ប្រទេសស៊ីរីផងដែរ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤, ក្រុមឧទ្ទាមនេះបានបង្ហោះក្នុងឆានែល Telegram របស់ខ្លួនថា «កងកម្លាំងរបស់យើង បានចូលដល់រដ្ឋធានីដាម៉ាសហើយ»។

អ្នកក្រុងដាម៉ាស បានរាយការណ៍ពីការផ្ទុះអាវុធទ្រង់ទ្រាយធំនៅសង្កាត់ Barzeh ហើយបណ្តាញអ៊ិនធឺណិតនិងចរន្តអគ្គិសនី ត្រូវកាត់ផ្តាច់។

ស្របពេលជាមួយគ្នានោះ ក្រុមឧទ្ទាម HTS ក៏បានរំដោះអ្នកទោសចេញពីពន្ធនាគារ Saydnaya ផងដែរ។ ពន្ធនាគារមានឃុំឃាំងអ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់ ដោយត្រូវគេធ្វើទារុណកម្មនិងប្រហារជីវិត ហើយធ្លាប់ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកថាជា «ទីពិឃាដមនុស្ស»។

សូមបញ្ជាក់ថា ក្រុម HTS បានបើកការវាយលុកកាលពីខែវិច្ឆិកា ជាមួយគោលបំណងធំ គឺផ្តួលរំលំរដ្ឋាភិបាលរបស់លោក Assad និងបង្ខំឲ្យកងកម្លាំងបរទេស ចាកចេញពីស៊ីរី។

ប្រតិបត្តិការនេះ បានបង្កជាក្តីបារម្ភអំពីការផ្ទុះចលានាបះបោរថ្មីនៅក្នុងតំបន់ ខណៈបណ្តាប្រទេសអារ៉ាប់កំពុងខ្វល់ចិត្ត ដោយខ្លាចតំបន់ធ្លាក់ចូលក្នុងអស្ថិរភាពសាជាថ្មី។

យ៉ាងណាក្តី ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានជួបប្រជុំគ្នាក្នុងទីក្រុង ដូហា នៃប្រទេសកាតា រួចហើយដើម្បីពិភាក្សាគ្នារកមធ្យោបាយដោះស្រាយជម្លោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមឧទ្ទាម វាយចូលទីក្រុងធំទី៣របស់ស៊ីរី ដណ្តើមការគ្រប់គ្រងទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម