ព័ត៌មានអន្ដរជាតិ
មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី
មុនចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការ លោក ដូណាល់ ត្រាំ បានឆ្លៀតពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈសារព័ត៌មាន RT រាយការណ៍នៅថ្ងៃសៅរ៍ទី១៨ខែមករាថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗដូចជាពាណិជ្ជកម្ម, គ្រឿងញៀន Fentanyl, កោះតៃវ៉ាន់ និងការលក់ឬបិទ TikTok ជាដើម។

លោកត្រាំនិងលោកស៊ី មិនបាននិយាយគ្នាសោះឡើយតាំងពីអាណត្តិទី១របស់អ្នកសាធារណរដ្ឋ ក្នុងនាមជាប្រធានាធិបតីអាមេរិក ត្រូវបញ្ចប់នៅឆ្នាំ២០២១។ ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ នោះដែរ គេមើលឃើញថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង បានល្អក់កករយ៉ាងខ្លាំង ដោយអាមេរិកបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ឈានដល់ការផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយចិនទៀតផង។
យ៉ាងណា ក្រោយកិច្ចពិភាក្សារយៈពេល៤៥នាទីលើកនេះ លោកត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social របស់ខ្លួនដោយសរសេរថា «ខ្ញុំទើបនិយាយជាមួយលោកប្រធាន ស៊ី ជីនពីង នៃប្រទេសចិន។ កិច្ចសន្ទនាតាមទូរស័ព្ទនោះ ពិតជាមានផ្លែផ្កាសម្រាប់ចិននិងអាមេរិក។ ខ្ញុំរំពឹងថា យើងនឹងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ហើយចាប់ផ្តើមឆាប់ៗ។ យើងបានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម, គ្រឿងញៀន Fentanyl, TikTok និងប្រធានបទជាច្រើនទៀត។ លោកប្រធានាធិបតី Xi និងខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យពិភពលោកកាន់តែមានសន្តិភាពនិងសុវត្ថិភាព!»។

ចំណែក ភាគីចិនឯណោះក៏បញ្ជាក់ពីកិច្ចពិភាក្សានេះដែរ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។ យ៉ាងណា មុននេះក្រសួងការបរទេសចិន អះអាងថា «យើងត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិករួចស្រេចអស់ហើយ ដើម្បីជំរុញកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា ពង្រីកកិច្ចសហប្រតិបត្តិការដែលប្រយោជន៍ឲ្យគ្នា រួមគ្នាបន្តទំនាក់ទំនងចិន-អាមេរិកឲ្យមានស្ថិរភាព និងនិរន្តរភាព ហើយស្វែងរកវិធីជួយឲ្យប្រទេសទាំងពីរ ចុះសម្រុងគ្នា»។
សូមបញ្ជាក់ថា លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ផ្លូវការនៅថ្ងៃទី២០ខែមករាខាងមុខ ប៉ុន្តែអ្វីដែលខុសប្លែកគឺថា ពិធីលើកនេះនឹងត្រូវធ្វើឡើងនៅខាងក្នុងវិមាន Capitol វិញ ជាជាងនៅខាងក្រៅ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។
នេះគឺជាលើកទីមួយហើយក្នុងរយៈពេល ៤០ឆ្នាំដែលពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកត្រូវផ្លាស់ប្ដូរមកធ្វើខាងក្នុងអគារខណៈលើកមុន ពេលដែលពិធីឡើងកាន់តំណែង ត្រូវបានផ្លាស់ប្តូរទៅធ្វើនៅខាងក្នុង គឺកាលពីឆ្នាំ១៩៨៥ សម្រាប់ពិធីស្បថលើកទីពីររបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Ronald Reagan៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពិធីឡើងកាន់តំណែងលោក ត្រាំ ផ្លាស់ប្ដូរទៅធ្វើនៅក្នុងវិមានវិញ ព្រោះតែព្យុះព្រិលធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


