Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងយក VAT លើទំនិញនាំចូលក្រោម ៣៩ ដុល្លារ

បានផុស

នៅ

អគ្គនាយកដ្ឋានគយវៀតណាម​ (GDC) បាន​ប្រកាសថា ​ទំនិញនាំចូលតម្លៃទាបដែលផ្ញើតាមសេវាដឹកជញ្ជូនរហ័ស ​នឹង​ត្រូវ​យកអាករលើតម្លៃបន្ថែម (VAT) ​​ចាប់ពីថ្ងៃទី ១៨ កុម្ភៈ តទៅ។ នេះបើតាមការចុះ​ផ្សាយ​របស់​កាសែត Viet Nam News ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក​ ទំនិញនាំចូលតម្លៃទាបត្រូវបានលើកលែងចំពោះអាករលើតម្លៃបន្ថែម តាម​រយៈសេចក្ដីសម្រេច​ឆ្នាំ ២០១០។

GDC បានគូស​បញ្ជាក់ថា ការអនុវត្តសេចក្តីសម្រេចចុង​ក្រោយ​ គឺស្រប​ទៅ​តាម​គោលនយោបាយពន្ធរបស់វៀតណាម ជាមួយនឹងការអនុវត្តអន្តរជាតិ ធានានូវភាពស៊ីសង្វាក់គ្នាក្នុងប្រព័ន្ធគ្រប់គ្រងពន្ធនាពេលបច្ចុប្បន្ន និងអនុវត្តតាមទិសដៅគោលនយោបាយរបស់រដ្ឋក្នុងការពង្រីកមូលដ្ឋានពន្ធ។

គេប៉ាន់ប្រមាណថា ប្រសិនបើទំនិញតម្លៃទាបមានតម្លៃតិចជាង ១ លានដុង (៣៩,៤ ដុល្លារ) ត្រូវបាន​យកអាករលើតម្លៃបន្ថែម ក្នុងអត្រា ១០ ភាគរយនោះ នោះ​ចំណូលថវិការដ្ឋអាចកើនឡើងប្រហែល ២,៧ ទ្រីលាន​ដុង (១០៦ លាន​ដុល្លារ)។​

រដ្ឋាភិបាល​វៀតណាម​រំពឹង​ថា​ ការសម្រេចចិត្តថ្មី​នឹងបង្កើតការប្រកួតប្រជែងដោយស្មើភាពគ្នា​រវាងទំនិញដែលផលិតក្នុងស្រុក និងទំនិញ​នាំចូល ដោយលើកកម្ពស់ផលិតកម្មក្នុងស្រុក។ លើសពីនេះ វា​ជួយ​ពង្រឹងការគ្រប់គ្រងរដ្ឋ និងពង្រឹងវិធានការប្រឆាំងការរត់ពន្ធ និងការគេចពន្ធសម្រាប់ទំនិញនាំចូល ជាពិសេសទំនិញ​នាំចូលមានតម្លៃទាប។ គោលនយោបាយនេះ ក៏ស្របតាមនិន្នាការសកលផងដែរ ដោយសារប្រទេសជាច្រើនបានចាប់ផ្តើមយកអាករលើតម្លៃបន្ថែមលើទំនិញនាំចូលតម្លៃទាប។

គួរគូស​បញ្ជាក់ថា ក្រៅពីវៀតណាម ប្រទេស​មួយ​ចំនួនទៀត​​នៅអាស៊ីអាគ្នេយ៍ ដូចជា​ថៃ និងម៉ាឡេស៊ីជាដើម​ បាន​កំណត់យក​អាករលើ​ទំនិញ​នាំចូល​តម្លៃថោកៗក្រោម​ការកំណត់រៀងៗខ្លួន ចំពេល​ដែលលំហូរទំនិញថោកៗពីចិន ជាពិសេស​តាម​អនឡញ ​ធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម