ព័ត៌មានជាតិ
បាត់ដំបងជាខេត្តទី១៧ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
ខេត្តបាត់ដំបងជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីប្រកាសទទួលស្គាល់ត្រូវបានរៀបចំឡើងនៅសួនយុវ័ន្តក្រុង នៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីនៃក្រសួង, អភិបាលនៃគណៈអភិបាលខេត្ត ក្រុមការងារ PWG, តំណាងដៃគូអភិវឌ្ឍន៍, អង្គការជាតិ អន្ដរជាតិ, អាជ្ញាធរមូលដ្ឋាន, កងកម្លាំង មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២ ២០០នាក់។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងឱ្យដឹងថា ទូទាំងខេត្តបាត់ដំបង មានស្រុកចំនួន១៣ និងក្រុង១, ឃុំចំនួន៩៣ និង១០សង្កាត់, និងភូមិចំនួន៨៤២ ដែលមានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩%, ខ្នងផ្ទះប្រើបង្គន់រួម ស្មើនឹង ៤,៤១%, ខ្នងផ្ទះមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិ ភាពស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង ១00%។

នាយករងប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិ និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា លោក យី គឹមថាន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្ដរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តបាត់ដំបងជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឬទ្ធិសែន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបាត់ដំបងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថាសមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ រដ្ឋមន្រ្ដីក្រសួងអភិឌ្ឍន៍ជនបទ បញ្ជាក់ជូនថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៦,០៩% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

គិតត្រឹមដើមខែមីនា ឆ្នាំ២០២៥ មានរាជធានី ខេត្តចំនួន ១៧ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF)។ រាជធានីខេត្តទាំង១៧ មានដូចជា៖ ១/ខេត្តស្វាយរៀង, ២/ព្រៃវែង, ៣/កណ្តាល, ៤/កំពង់ស្ពឺ, ៥/កំពង់ឆ្នាំង, ៦/កែប, ៧/ព្រះសីហនុ, ៨/កំពង់ចាម, ៩/រតនគីរី, ១០/សៀមរាប, ១១/ត្បូងឃ្មុំ, ១២/រាជធានីភ្នំពេញ, ១៣/តាកែវ,១៤/ស្ទឹងត្រែង, ១៥/កំពង់ធំ, ១៦/ប៉ៃលិន និង១៧/ខេត្តបាត់ដំបង៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


