សេដ្ឋកិច្ច
កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ជាង $១,៦២ ពាន់លាន
ក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២៥នេះ ចាប់ពីខែមករា ដល់ខែ កុម្ភៈ កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិកគិតជាទំហំទឹកប្រាក់ប្រមាណជាង ១,៦២ ពាន់លានដុល្លារ កើនឡើង ២៥,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា បង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់សរុប ១,៦៧ ពាន់លានដុល្លារ កើន ២៥,៧ ភាគរយ ក្នុងនោះទំនិញរបស់កម្ពុជានាំចេញមានទំហំទឹកប្រាក់ ១,៦២ ពាន់លានដុល្លារ កើន ២៥,៤ ភាគរយ ចំណែកឯទំនិញនាំចូលពីអាមេរិក មានទំហំទឹកប្រាក់ចំនួន ៤៨,៧៦ លានដុល្លារ កើនង ៣៤,៦ ភាគរយ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅតែមានភាពល្អប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី កើនឡើងរហូតដល់ជាង ២០០ ក្រុមហ៊ុន ដែលនាំទៅដល់ការកើនឡើងនូវការផលិត និងការនាំចេញក៏មានការកើនឡើង។

អ្នកឧកញ៉ា លឹម ហេងបញ្ជាក់ថា៖ «កត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមានការលើកទឹកចិត្តច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP ទន្ទឹមសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងដំឡើងពន្ធដាក់គ្នាក៏ជាឱកាសសម្រាប់កម្ពុជាទាក់ទាញអ្នកវិនិយោគដើម្បីផលិតក្នុងការនាំចេញ»។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបាន ៦,២ ភាគរយ នៅឆ្នាំ ២០២៥ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍។

លោកស្រីបណ្ឌិត ជា សិរី មានប្រសាសន៍ថា៖ «សកម្មភាពសេដ្ឋកិច្ច នឹងបន្តគាំទ្រជាចម្បងដោយកំណើននៃការនាំចេញផលិតផលក្នុងវិស័យកម្មន្តសាលកាត់ដេរ និងការកើនឡើង នៃផលិតផលកមន្តសាលមិនមែនកាត់ដេរ ស្របពេលដែលវិស័យទេសចរណ៍ និងកសិកម្មបន្តមានវឌ្ឍនភាពល្អ ទោះជាវិស័យសំណង់ និងអចលនទ្រព្យនៅទន់ខ្សោយ»។
យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។
ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


