សេដ្ឋកិច្ច
អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង $៨ ពាន់លាន នៅរយៈពេល ៨ ខែ ឆ្នាំ ២០២៥
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដែលសម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជាង ៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ កើនឡើង ២៣,២% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ៦,៧ ពាន់លានដុល្លារ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងអាមេរិក សម្រេចបាន ៨,៥ ពាន់លានដុល្លារ កើនឡើង ២៣,៦% ក្នុងនោះ កម្ពុជានាំទំនិញចេញទៅអាមេរិកមានទំហំទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើនឡើង ២៣,២% ចំណែកអាមេរិកនាំចូលមកវិញ មានទឹកប្រាក់ ២៤៣ លានដុល្លារ កើន ៣៩,៨%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកទើបតែសម្រេចយកពន្ធលើទំនិញរបស់កម្ពុជានាំទៅអាមេរិក ក្នុងអត្រា ១៩% កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ដែលអត្រានេះ នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង និងថែរក្សារោងចក្រដែលមានស្រាប់ព្រមទាំងទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា៖ «កម្ពុជានឹងខិតខំចរចាបន្ថែមទៀតជាមួយអាមេរិក លើវិស័យអាទិភាពដូចជាវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង យើងនឹងខិតខំបន្តចរចាបន្ថែមទៀត ដោយសារ ប្រភេទទំនិញនេះ មិនមានផលិតនៅអាមេរិកទេ ដូច្នេះគ្មានអ្វីប្រកួតប្រជែងជាមួយក្រុមហ៊ុននៅអាមេរិកទេ ធ្វើនៅកម្ពុជាយើង ដូច្នេះ យើងខ្ញុំនឹងខិតខំចរចាធ្វើយ៉ាងឱ្យទាបជាង ១៩%»។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «កាលណារំហូរពាណិជ្ជកម្មកាន់តែល្អ ចរន្តនៃការផ្លាស់ប្ដូរទំនិញកាន់តែល្អ ការវិនិយោគក៏ល្អ ការផ្លាស់ប្ដូរសេវាកម្មកាន់តែល្អ ភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្ម កាន់តែនាំមកនូវការអភិវឌ្ឍ និងវិនិយោគ»។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


