ព័ត៌មានអន្ដរជាតិ
EU ប្រកាសសងសឹក ក្រោយពន្ធ ត្រាំ លើដែកថែប និងអាលុយមីញ៉ូម ចូលជាធរមាន
សហភាពអឺរ៉ុបបានប្រកាសពន្ធសងសឹកលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ក្រោយពេលវិធានការពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចូលជាធរមានជាផ្លូវការនៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការវិវត្តចុងក្រោយនេះ បង្ហាញពីភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភពលោក ក្រោមវិធានការពន្ធ ដែលបំផ្ទុះឡើងដោយលោក ត្រាំ ដែលកំណត់ពន្ធផលិតផលដែកថែប និងអាលុយមីញ៉ូម នាំចូលពីគ្រប់ប្រទេសទាំងអស់ រួមទាំងសម្ព័ន្តមិត្តកាណាដា សហភាពអឺរ៉ុប និងអូស្រ្តាលី ជាដើម។
សហភាពអឺរ៉ុបបានឆ្លើយតបភ្លាមៗ ដោយប្រកាសថា ខ្លួននឹងដាក់ពន្ធប្រឆាំងលើទំនិញអាមេរិកចំនួន ២៦ ប៊ីលានអឺរ៉ូ (២៨,៣៣ ប៊ីលានដុល្លារ) ដោយចូលជាធរមាននៅខែមេសា។
គណៈកម្មការអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វិធានការសងសឹករបស់ប្លុក ត្រូវបានរៀបចំឡើងដើម្បី «ការពារអាជីវកម្មអឺរ៉ុប កម្មករ និងអ្នកប្រើប្រាស់ពីផលប៉ះពាល់នៃការរឹតបន្តឹងពាណិជ្ជកម្មដែលមិនសមហេតុផលទាំងនេះ»។
ប្រទេសកាណាដា អង់គ្លេស និងអូស្ត្រាលី ក៏បានរិះគន់វិធានការពន្ធលើទំនិញលោហៈធាតុដដែលនេះផងដែរ ដោយកាណាដាកំពុងពិចារណាពន្ធឆ្លើយតប ខណៈរដ្ឋមន្ត្រីជំនួញ និងពាណិជ្ជកម្មអង់គ្លេស លោក Jonathan Reynolds បាននិយាយថា អង់គ្លេសកំពុងគិតគូរពីជម្រើសទាំងអស់ដែលខ្លួនមាន ដើម្បីឆ្លើយតបជាប្រយោជន៍ជាតិ។

ចំណែកឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese វិញ បាននិយាយថា ការដាក់ពន្ធរបស់ ត្រាំ គឺជា ទង្វើ «អយុត្តិធម៌ទាំងស្រុង និងប្រឆាំងនឹងស្មារតីនៃមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំង២»។ យ៉ាងណាមិញ លោកបញ្ជាក់ថា អូស្រ្តាលីនឹងមិនដាក់ពន្ធឆ្លើយតបនោះទេ។
លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា៖ «ពន្ធគយ និងកំណើននៃភាពតានតឹងពាណិជ្ជកម្ម គឺជាទម្រង់នៃការប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឯង និងជារូបមន្តសម្រាប់កំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងអតិផរណាខ្ពស់។ អ្នកប្រើប្រាស់ជាអ្នកចំណាយលើបញ្ហានេះ»។
គេមើលឃើញថា កាណាដា ដែលជាប្រទេសផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតសម្រាប់អាមេរិក នឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ហើយបន្ទាប់មកគឺប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូង និងវៀតណាម ជាដើម។ ចិន ដែលជាប្រភពផ្គត់ផ្គង់អាលុយមីញ៉ូម និងផលិតអាលុយមីញ៉ូម ធំបំផុតទី២ របស់អាមេរិក ក៏រំពឹងពីផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ប្រទេសនេះបានទទួលរងនូវវិធានការពន្ធពីមុនរួចមកហើយ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


