ព័ត៌មានអន្ដរជាតិ
ពូទីន៖ តាមសំណើលោក ត្រាំ រុស្ស៊ីនឹងទុកជីវិតទាហានអ៊ុយក្រែននៅ Kursk បើពួកគេចុះចាញ់
ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, មេដឹករុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកនឹងមិនយកជីវិតរបស់ទាហានអ៊ុយក្រែនដែលឡោមព័ទ្ធនៅតំបន់ Kursk របស់រុស្ស៊ីនោះទេ ប្រសិនបើពួកគេយល់ព្រមចុះចាញ់។

លោក ពូទីន បានបញ្ជាក់កាលពីថ្ងៃសុក្រទី១៤ខែមីនាថា លោកនឹងគោរពសំណើមនុស្សធម៌របស់លោក ត្រាំ ក្នុងលក្ខខណ្ឌដែលកងទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះ ដើម្បីជៀសវាង«ការសម្លាប់រង្គាល»។
ស្ថានភាពនៅតំបន់ Kursk បានក្លាយជាចំណុចស្នូលនៃជម្លោះដែលកំពុងបន្ត។ កងកម្លាំងអ៊ុយក្រែន បានវាយលុកចូលក្នុងតំបន់នេះកាលពីខែសីហាឆ្នាំ២០២៤ ដោយដណ្តើមបានការកាន់កាប់ទីតាំងជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ ការវាយលុករបស់រុស្ស៊ីនាពេលថ្មីៗនេះ បានឡោមព័ទ្ធកងទ័ពអ៊ុយក្រែនប្រមាណ ១០ ០០០នាក់ ដែលធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យនៃការកាត់ផ្តាច់ការផ្គត់ផ្គង់ និងការពង្រឹងកងកម្លាំង។
អ៊ុយក្រែនបានបដិសេធថា កងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ Kursk ត្រូវបានឡោមព័ទ្ធ ដោយពណ៌នាការអះអាងនេះថាជាការប្រឌិតរបស់រុស្ស៊ី ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃសុក្របានប្រាប់ថា ស្ថានភាពសម្រាប់កងកម្លាំងអ៊ុយក្រែននៅទីនោះមានភាព«លំបាកខ្លាំងណាស់»។
លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានស្នើសុំឲ្យប្រធានាធិបតីរុស្ស៊ីជួយទុកជីវិតជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ ដែល«ត្រូវបានឡោមព័ទ្ធទាំងស្រុង» និងងាយរងគ្រោះ។
លោក ត្រាំ បានរៀបរាប់ថា៖ «ខ្ញុំបានស្នើសុំយ៉ាងខ្លាំងទៅកាន់ប្រធានាធិបតី ពូទីន ឲ្យរួចជីវិតពួកគេ។ នេះនឹងក្លាយជាការសម្លាប់រង្គាលដ៏អាក្រក់មួយ ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ»។
លោក ពូទីន ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់លោកថា លោកបានអាននិងយល់ពីការអំពាវនាវរបស់លោក ត្រាំ ជុំវិញការពិចារណាលើផ្នែកមនុស្សធម៌។
លោក ពូទីន បាននិយាយថា៖ «ក្នុងន័យនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា បើ[កងទ័ពអ៊ុយក្រែន]ដាក់អាវុធចុះចាញ់ ពួកគេនឹងត្រូវបានធានាជីវិត និងការព្យាបាលសមរម្យ ស្របតាមច្បាប់អន្តរជាតិ និងច្បាប់នៃសហព័ន្ធរុស្ស៊ី»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក បានស្នើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដើម្បីកាត់បន្ថយស្ថានការណ៍ ដែលជាវិធានការមួយទទួលបានសុទិដ្ឋិនិយមដ៏ខ្លាំងពីមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានអំពាវនាវឲ្យអាមេរិកបង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ីឲ្យយល់ព្រមបទឈប់បាញ់ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីជៀសវាងការបង្ហូរឈាមបន្ថែមទៀត។
ខណៈពេលដែលលោក ពូទីន បានយល់ព្រមជាគោលការណ៍ចំពោះបទឈប់បាញ់ លោកបានបង្ហាញថា ការពិភាក្សាបន្ថែមទៀតគឺចាំបាច់ដើម្បីបញ្ចប់លក្ខខណ្ឌ។ សហគមន៍អន្តរជាតិបន្តតាមដានការវិវឌ្ឍនេះយ៉ាងដិតដល់ ដោយសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងការទូតនឹងនាំទៅរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនៅក្នុងតំបន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


