ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតអឺរ៉ុប៖ សហភាពអឺរ៉ុបនឹងបន្តជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជា
លោក Lgor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា សហភាពអឺរ៉ុបនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន និងធ្វើការរួមគ្នាដើម្បីភាពរុងរឿងនិងសន្តិសុខរបស់ប្រជាជនទាំងពីរ។

ការលើកឡើងរបស់ទូតអឺរ៉ុបនេះ បានធ្វើឡើងក្នុងឱកាសទិវាអឺរ៉ុបឆ្នាំ២០២៥ នៅស្ថានប្រតិភូសហភាពអឺរ៉ុបដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ទិវាអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីអបអរសារទរសន្តិភាព សុវត្ថិភាព និងការរួបរួមគ្នានៅអឺរ៉ុប ហើយការប្រារព្ធខួបទិវាអឺរ៉ុបឆ្នាំ ២០២៥នេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យផងដែរ។

ក្នុងឱកាសនេះ លោក Lgor DRIESMANS បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត រួមទាំងកម្មវិធីថ្មីៗដែលផ្តោតលើវិស័យសំខាន់ៗជាច្រើនដូចជាវិស័យអប់រំផងដែរ។ បន្ថែមលើនេះ លោក បានគូសបញ្ជាក់ពីទំនាក់ទំនងយូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងសហភាពអឺរ៉ុប និងកម្ពុជា តាមរយៈកម្មវិធីថ្មីៗ ការផ្តល់នូវការអនុគ្រោះពន្ធ និងការទាក់ទាញវិនិយោគពីអឺរ៉ុបព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងអធិបតេយ្យភាពនៃគ្រប់ប្រទេសទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន និងធ្វើការរួមគ្នាដើម្បីភាពរុងរឿង និងសន្តិសុខរបស់ប្រជាជនទាំងពីរ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានចាត់ទុកទិវានេះ បង្ហាញពីសារៈសំខាន់នៃការសហការ ភាពរួបរួម និងសន្តិភាព ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងការកសាងអឺរ៉ុបក្រោយសង្គ្រាម។ ជាមួយនេះដែរ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏យូរអង្វែង និងពង្រឹងឥតឈប់ឈររវាងកម្ពុជា និងសហភាពអឺរ៉ុប ដោយកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក ដែលជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រី ក៏លើកឡើងពីតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងការជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី Erasmus Plus និងGlobal Gateway របស់សហភាពអឺរ៉ុប ដែលរួមចំណែកដល់ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសការគាំទ្រដល់ "Transforming Technical Education EU-Cambodia Partnership 2024-2027" ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងការអប់រំ និងការអប់រំ STEM។
រដ្ឋមន្ត្រីអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រមកកាន់ប្រទេសកម្ពុជាលើគ្រប់វិស័យនាពេលកន្លង ជាពិសេសលើវិស័យអប់រំផ្ទាល់ និងបានសង្ឃឹមជឿជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់កម្ពុជានាពេលអនាគត៕
អត្ថបទ៖សំអឿន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


