ព័ត៌មានជាតិ
អឺរ៉ុបជួយពង្រឹងភាពប្រកួតប្រជែងលើការនាំចេញ និងការផ្តល់តម្លៃបនែ្ថមនៃផលិតគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា
សហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋាភិបាលអាល្លឺម៉ង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងលើកកម្ពស់និរន្តរភាព ការនាំចេញ ការប្រកួតប្រជែង និងបរិយាប័ន្ននៃឧស្សាហកម្មគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា ដោយផ្តោតលើការបង្កើនតម្លៃបន្ថែមក្នុងស្រុក និងការពង្រឹងប្រព័ន្ធជាតិគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងកសិកម្មដែលធន់នឹងអាកាសធាតុ។

ការដាក់ឱ្យដំណើការនូវគម្រោងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ក្រោមអធិបតីភាពរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃ MAFF ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans, និង លោក Jost Kadel ភារធារី និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា កម្មវិធីនេះក៏នឹងធានានូវការអនុវត្តការងារសមរម្យសម្រាប់កម្មករ និងដើម្បីបង្កើនសមត្ថភាពរបស់អ្នកផលិត និងអ្នកកែច្នៃ ដើម្បីទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព និងស្តង់ដារពាក់ព័ន្ធនានា ដើម្បីបំពេញតម្រូវការនាំចេញ រួមទាំងទីផ្សារសហភាពអឺរ៉ុបផងដែរ។
គំនិតផ្តួចផ្តើមដោយដៃគូអឺរ៉ុបនេះនាំមកនូវការបង្កើនផលិតភាពនៅក្នុងខ្សែសង្វាក់តម្លៃគោលដៅដោយការលើកកម្ពស់បច្ចេកវិទ្យាបៃតង កសិ-បរិស្ថាន និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ (រួមទាំងការគ្មានការកាប់បំផ្លាញព្រៃឈើ) ក្នុងផលិតកម្ម និងការកែច្នៃកសិកម្ម។ ជាមួយនឹងមូលនិធិរួមសរុបចំនួន ២៧ លានដុល្លារអាមេរិកពីសហភាពអឺរ៉ុប និងក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) នៃប្រទេសអាល្លឺម៉ង់ គម្រោងនេះមានរយៈពេលប្រាំឆ្នាំនឹងត្រូវបានអនុវត្តដោយ GIZ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយ MAFF ដែលនឹងអនុវត្តនៅខេត្តសំខាន់ៗចំនួនបួន រួមមាន កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងកំពត។

ថ្លែងក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើនិរន្តរភាព និង សង្គម ដើម្បីពង្រីកលទ្ធភាពទទួលបានទីផ្សារពិសេសសម្រាប់ផលិតផលកសិកម្មកម្ពុជា។
លោកបានមានប្រសាសន៍ថា៖«គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ក្នុងការលើកកម្ពស់កំណើនបៃតង និងការបង្កើតការងារសមរម្យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាលើការពង្រឹងអាជីវកម្មបៃតង។ យើងសង្ឃឹមថាកម្មវិធីនេះនឹងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេចសម្រាប់ជាប្រយោជន៍ដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម ទន្ទឹមនឹងការលើកកម្ពស់បរិស្ថាន និងស្តង់ដារសង្គមសម្រាប់ការនាំចេញ និងការវិនិយោគពីសហភាពអឺរ៉ុប»។
លោក Jost Kadel ក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃវិស័យកសិកម្មនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា និងសារៈសំខាន់របស់វាក្នុងការសម្រេចបាននូវការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (NDCs) របស់កម្ពុជាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកបានថ្លែងថា៖«គោលបំណងចម្បងរបស់យើងសម្រាប់គម្រោងនេះគឺលើកកម្ពស់ការប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុរបស់កម្ពុជាក្នុងវិស័យកសិកម្ម ដែលជួយឱ្យមានប្រាក់ចំណូលកាន់តែច្រើន ការពង្រីកសមត្ថភាពកែច្នៃ និងការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់»។

ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា៖« នៅពេលដែលកសិកម្មកម្ពុជាឈានទៅរកភាពទំនើបជាមួយនឹងការអនុវត្តសហគមន៍រួម និងបច្ចេកទេសប្រកបដោយនិរន្តរភាព គម្រោង CAPSAFE នឹងក្លាយជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេចរបស់យើង ដោយប្រកាន់យកនូវកំណើនបៃតង និងលើកកម្ពស់ការប្រកួតប្រជែងការនាំចេញ ។ ប្រទេសកម្ពុជាបានរួមចំណែកដល់ការឈានទៅរកអធ្យាក្រឹតកាបោន និងនៅតែមានភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហាអាកាសធាតុ កិច្ចសហប្រតិបត្តិការនេះជាមួយដៃគូអឺរ៉ុបរបស់យើងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការកសាងអនាគតដ៏រុងរឿងសម្រាប់យើងទាំងអស់គ្នា»។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរចូលរួមជាអធិបតីបិទបញ្ចប់គម្រោង CRAS ដែលបានសហការធ្វើការជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


