សេដ្ឋកិច្ច
កម្ពុជាពង្រីកបានទីផ្សារនាំចេញដំឡូងមីទៅចិន អំឡុងពេលអនុវត្តគោលនយោបាយជាតិ
កម្ពុជា សម្រេចបានទីផ្សារនាំចេញដំឡូងមីទៅប្រទេសចិន អំឡុងពេលអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ជាពិសេស បានលើកកម្ពស់ផលិតភាព និងការប្រែក្លាយកម្ពុជាពីប្រទេសផលិតសម្រាប់លក្ខណៈគ្រួសារ ទៅជាប្រទេសនាំចេញ។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា គោលនយោបាយជាតិស្ដីពីដំឡូងមី ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីខែសីហា ឆ្នាំ ២០២០ មានគោលដៅកាត់បន្ថយភាពក្រីក្រ ខណៈដំឡូងមីងាយនឹងដាំ មិនត្រូវការទឹកច្រើន ដែលគោលនយោបាយនេះ សមស្រប ប្រសិនបើមានក្រសួង ឬមន្ទីរពាក់ព័ន្ធចូលរួមគាំទ្រ។
លោកបានបញ្ជាក់ថា៖ «ការនាំចេញយើងបានរីកចម្រើន មានទំនាក់ទំនងទៅចិនអាចនាំផ្ទាល់ទៅចិនមួយចំនួនត្បិតវាតិចតែយើងទើបចាប់ផ្ដើម។ ភាគច្រើនយើងនាំចេញទៅវៀតណាម និងថៃ ឥឡូវនេះ យើងអាចនាំចេញទៅចិន បានមួយចំនួន អញ្ចឹងបានន័យថា យើងកើនការពង្រីកទីផ្សាររបស់យើង អំឡុងពេលដែលអនុវត្តគោលនយោបាយហ្នឹង យើងអាចនាំចេញទៅចិនត្រង់បាន»។
បើតាមលោក អិល ឈិញ ចាប់តាំងពីរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដំឡូងមី (២០២០-២០២៥) ក្រសួង និងមន្ទីរបានសហការក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស ស្របទៅនឹងគោលនយោបាយ ជាពិសេសយើងបានបង្កើតសមាគម និងសហគមន៍ជួយគាំទ្រកសិករក្នុងតំបន់ ត្បិតក្រសួង ឬមន្ទីរអាចទៅមិនដល់ ប៉ុន្តែមានសមាគម សហគមន៍គាត់ជួយ។

លោកបានបន្ថែមថា អំឡុងពេលដែលអនុវត្តគោលនយោបាយដំបូង គឺកសិករ បានយល់ដឹងច្រើន ជាពិសេសគឺពូជដំឡូងមី អំពីបច្ចេកទេស នៃការដាំដុះ ហើយប្រភេទដី គាត់ចេះមើល ហើយអ្វីដែលសំខាន់ គឺគាត់ស្គាល់អំពីពូជឱ្យសមស្របទៅនឹងដី ដែលស្របទៅនឹងគោលនយោបាយ។
លោក អិល ឈិញ លើកឡើងថា៖«ជាពិសេសគឺឱ្យកសិករយល់ដឹង អំពីការប្រើប្រាស់ជី ឱ្យស្របទៅនឹងដំណាក់កាលនៃការលូតលាស់របស់ដំឡូង ហើយរឿងសំខាន់គឺថ្នាំស្មៅដែលគាត់ប្រើប្រាស់ កាលពីមុនគាត់ប្រើថ្នាំមិនល្អ វាអាចប៉ះពាល់ដល់មើម និងដើមដំឡូង កាលណាដែលយើងប្រើសារធាតុថ្នាំដែលអត់ត្រូវ វាធ្វើឱ្យដំឡូងវាក្រិនលឿងស្លឹក»។
ប្រធានសមាគមដដែលបញ្ជាក់ថា ៖«នៅពេលដែលយើងណែនាំមួយរយៈកន្លងមក គាត់បានយល់ដឹងអំពីថ្នាំ អញ្ចឹងការប្រើប្រាស់របស់គាត់ប្រយ័ត្នប្រយែង ខណៈថ្នាំដែលយើងណែនាំបានសុះសាយទូទាំងប្រទេសហើយ។ ដើមឡើយ ថ្នាំដែលយើងណែនាំឱ្យគាត់ប្រើមានតិចតួច ហើយតម្លៃខ្ពស់ រហូតមកដល់ពេលនេះ សារធាតុថ្នាំដែលយើងត្រូវការប្រើប្រាស់ កុំឱ្យប៉ះពាល់ដល់ដំឡូង មានការរីកចម្រើន ហើយតម្លៃក៏ទាបជាងមុន»។

រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំស្តង់ដាដំឡូងមីក្រៀម និងដំឡូងមីស្រស់ ដើម្បីបង្កភាពងាយស្រួលដល់កិច្ចសម្រួលពាណិជ្ជកម្មទិញ-លក់ដំឡូងមី ការកំណត់តម្លៃ ដោយផ្អែកតាមស្តង់ដា ដែលបានដាក់ចេញតាមប្រភេទដំឡូងមីស្រស់ ឬក្រៀម និងទៅតាមកម្រិតជាតិម្សៅ។ គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៧០ ម៉ឺន ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


