Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ទទួលបានម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ពីក្រុមហ៊ុនមួយរបស់ចិន

បានផុស

នៅ

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដ៏ពិសេសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែកមួយលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺតម្រងនោមនៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានលើកឡើងថា «ជំងឺតម្រងនោម ជាបញ្ហាប្រឈមមួយនៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជំរុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល»។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីសង្ឃឹមថា ឧបករណ៍លាងឈាមតាមស្រោមពោះនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីក៏បានគូសរំលេចថា តាមរយៈឧបករណ៍វេជ្ជសាស្ត្រនេះ គឺមានសារៈសំខាន់ ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាម ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។ ដោយឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឱ្យអ្នកជំងឺធ្វើការលាងឈាមនៅក្រៅមន្ទីរពេទ្យ ដែលអាចកាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិតទៅជិតអ្នកជំងឺ។ បន្ថែមពីនេះ ការអនុវត្តទាមទារអ្នកជំងឺមានការយល់ដឹងពីដំណើរការនៃការលាងឈាមបែបនេះ ដើម្បីចេះប្រើឧបករណ៍ និងការបង្ការការចម្លងរោគ ក៏ដូចជាមានលទ្ធភាពទិញ និងទុកដាក់សូលុយស្យុងសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍លាងឈាមតាមស្រោមពោះនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក អ៊ូច បូររិទ្ធ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងចូលរួមគាំទ្រ លើកស្ទួយវិស័យសុខាភិបាលកម្ពុជា។

ចំណែក លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ លោក Jacky Sae Chen ដែលតែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។ លោកក៏បានរម្លឹកអំពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅពេលនោះមិត្តចិនបានជួយគាំទ្រជាវ៉ាក់សាំង ឱសថ និងជំនួយផ្នែកបច្ចេកទេសដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាកនាពេលនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម