ព័ត៌មានអន្ដរជាតិ
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
ក្រុមហ៊ុនថាមពលថៃ OR (PTT Oil and Retail) ដែលជាក្រុមហ៊ុននាំចេញប្រេងឥន្ធនៈមកកាន់កម្ពុជា បានអះអាងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ពីចំណាត់ការរបស់កម្ពុជាដែលនឹងផ្អាកទាំងស្រុងលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod នាយប់ថ្ងៃអាទិត្យនេះ។

មូលហេតុដែលផលប៉ះពាល់មិនធ្ងន់ធ្ងរនោះ គឺថា នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន PTT ដំណើរស្ថានីយប្រេងឥន្ធនៈត្រឹម ១៨៦ កន្លែង និងហាងកាហ្វេ ២៥៤ កន្លែង តែប៉ុណ្ណោះ ធៀបនឹងស្ថានីយប្រមាណ ២ ០០០ កន្លែង នៅទូទាំងប្រទេសថៃ។
មកទល់ពេលនេះ មិនមានរបាយការណ៍ណាមួយ ដែលបង្ហាញថា PTT កើបចំណូលបានប៉ុន្មានពីការលក់ប្រេងឱ្យកម្ពុជាក្នុងមួយឆ្នាំៗនោះទេ ប៉ុន្តែកាសែតថៃ The Nation បានរាយការណ៍កាលពីខែ កក្កដា ឆ្នាំមុន ថា PTT បានចាត់ទុកកម្ពុជា «ជាផ្ទះទី ២» របស់ខ្លួន ព្រោះកម្ពុជាគឺជាទីផ្សារអន្តរជាតិដ៏ធំបំផុតរបស់ក្រុមហ៊ុន។
គួរគូសបញ្ជាក់ថា ការអះអាងចុងក្រោយរបស់ PTT ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃអាទិត្យថា៖ «ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង»។

សម្ដេចធិបតីបានបន្តក្នុងសេចក្ដីប្រកាសដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។
ការបោះជំហានយ៉ាងដូច្នេះរបស់កម្ពុជា ធ្វើឡើងក្នុងបរិបទនៃភាពកាន់តែតានតឹងកម្ពុជា-ថៃជុំវិញបញ្ហាព្រំដែន ក្រោយមានការគំរាមកំហែងពីអ្នកនយោបាយថៃ ដែលស្នើឱ្យរដ្ឋាភិបាលខ្លួន កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឱ្យកម្ពុជា។ ឆ្លើយតបនឹងបញ្ហានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គម យ៉ាងដូច្នេះថា៖ «យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ»។
ខណៈដែលភាពតានតឹងកម្ពុជា និងថៃបន្តកើនឡើង គេក៏សង្កេតឃើញមាននិន្នាការពហិការផលិតផលថៃ រួមទាំងប្រេង PTT ពីសំណាក់ពលរដ្ឋកម្ពុជាផងដែរ ដែលភាគច្រើនត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


