Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថា រដ្ឋាភិបាលត្រូវការអង្គការសង្គមស៊ីវិលដែលជួយកម្ពុជាពិតដោយបេះដូង

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលត្រូវការរាល់អង្គការសង្គមស៊ីវិលទាំងឡាយណាដែលធ្វើការ និងជួយកម្ពុជាពិតប្រាកដដោយបេះដូង។ សម្ដេច ចាត់ទុកភាពជាដៃគូរបស់អង្គការសង្គមស៊ីវិល ថា ជាចំណែកចូលរួមដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងជួយដល់ប្រជាពលរដ្ឋរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«អង្គការដៃគូដែលធ្វើការពិត ធ្វើការងារជាក់ស្ដែង ដើម្បីជួយប្រជាពលរដ្ឋ ជួយដល់គ្រប់វិស័យរបស់កម្ពុជា រាជរដ្ឋាភិបាល នៅតែចាត់ទុកថា ជាដៃគូពិសេស និងបន្តសហការ និងគាំទ្រ»។ នេះជាការប្ដេជ្ញាចិត្តរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលតែងតែគាំទ្រចំពោះអង្គការទាំងឡាយដែលធ្វើការងារចេញពីចិត្ត ដើម្បីជួយកម្ពុជា ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏បន្តស្វាគមន៍ជានិច្ច ដោយមិនមានការរើសអើងនោះឡើយរាល់អង្គការសង្គមស៊ីវិល ឱ្យតែធ្វើការងារពិតប្រាកដ។

សម្ដេចធិបតី បានលើកពីគំរូរបស់លោក ស្កុត នីសុន ស្ថាបនិកអង្គការ​មូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ក្នុងប្រតិបត្តិការថែទាំ គាំពារ ការពារ និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។

សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា អ្វីដែលជនបរទេសរូបនេះបានធ្វើសម្រាប់កុមារកម្ពុជា គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត ហើយសម្ដេច ចាត់ទុកថា នេះជាការលះបង់ជីវិតឡូយឆាយរបស់ខ្លួន ដើម្បីកុមារកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម