Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលសំយោគចំណេះដឹងសុខភាពថ្មីៗ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលមួយ ក្នុងការស្វែងរក និងសំយោគនូវចំណេះដឹងសុខភាពថ្មីៗបំផុតលើសកលលោក សម្រាប់ជួយជាធាតុចូលដ៏សំខាន់ជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពអន្តរជាតិនានា យកទៅរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រាប់ដោះស្រាយបញ្ហាសុខភាពបន្ទាន់ និងចាំបាច់បំផុតរួមមានទាំងជំងឺឆ្លងជំងឺមិនឆ្លងនិងការគំរាមកំហែងសុខភាពជាសកល ដែលកំពុងកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល ៥ ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល»នៅ

ព្រឹកថ្ងៃទី២៣កក្កដានេះ លោក រដ្ឋមន្ត្រីបានបន្តថាលើសពីនេះមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះក៏នឹងក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងកសាងធនធានអ្នកស្រាវជ្រាវជំនាន់ថ្មី ដែលមានពហុជំនាញនិងចេះធ្វើការជាក្រុម ដែលមានកម្រិតស្តង់ដាអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលក្នុងពេលបំពេញការងារជាប្រចាំដល់អ្នកស្រាវជ្រាវទាំងនោះឱ្យអនុវត្តជាក់ស្តែងក្នុងគម្រោងស្រាវជ្រាវផ្សេងៗដោយផ្អែកលើគោលការណ៍កិច្ចសហការនិងសហប្រតិបត្តិការជាតិ និងអន្តរជាតិប្រកបដោយនិរន្តរភាព និងចីរភាព។ 

ជា Platform មួយដែលមានគណនេយ្យភាព និងធានានូវប្រសិទ្ធភាពខ្ពស់ ក្នុងការសម្របសម្រួលជាមួយគ្រប់ដៃគូជាតិ និងអន្តរជាតិ លើការងាររៀបចំ និងដំណើរការការងារស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល តាមរយៈការពង្រឹងភាពជាដៃគូរវាងអង្គភាពបណ្តុះបណ្តាល មន្ទីរពេទ្យជាតិ មូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអន្តរជាតិនានា ដើម្បីបង្កើតជាកម្លាំងរួមបញ្ចូលគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការស្រាវជ្រាវ និងនវានុវត្តន៍។

បន្ថែមពីនេះជាមជ្ឈមណ្ឌលមួយដែលស្វែងយល់ពីសក្តានុពលនៃសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើបថ្មីៗ និងចាប់យកសក្តានុពលទាំងឡាយនៃការវិវឌ្ឍទាំងនោះឱ្យអស់លទ្ធភាព ដើម្បីជួយរៀបចំជាគំរូដើមជូនដល់ក្រសួងសុខាភិបាល ក្នុងទិសដៅ ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាបម្រើសុខភាពជូនដល់ប្រជាពលរដ្ឋប្រកបដោ យប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាលឡើយ។

លោករដ្ឋមន្រ្តី  បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ដែលជាមណ្ឌលស្រាវជ្រាវជាតិ និងជាចំណែកមួយ នៃការស្រាវជ្រាវសុខភាពសកល ដើម្បីធ្វើឱ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល និងកំណត់អាទិភាពសុខាភិបាលចាំបាច់ ដែលនឹងជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយសុខាភិបាល ឆ្លើយតបនឹងតម្រូវការសុខភាពជាក់ស្តែង។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានការចូលរួមពី សាស្រ្តាចារ្យ អ្នកជំនាញជាតិ និងអន្តរជាតិជាង ៤០រូប មកពី៩ប្រទេសផ្សេងគ្នាហើយវត្តមានអ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិបានចូលរួមចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់ខ្លួន និងរួមគ្នាបង្កើតឡើងនូវអនាគតមួយដ៏ភ្លឺស្វាង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងក្លាយជាផ្នែកមួយ សម្រាប់លើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមសាកលវិទ្យាល័យដែលឈានមុខគេនៅកម្ពុជា ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវាក្នុងវិស័យសុខាភិបាល លោកសាស្ត្រាចារ្យបានបន្តថាសាកលវិទ្យាល័យបានខិតខំប្រឹងប្រែងសហការជាមួយដៃគួរទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ រៀបចំសំណើគម្រោង ស្រាវជ្រាវ ដើម្បីស្នើសុំថវិកាពីប្រភពគាំទ្រផ្សេងៗ និងទទួលបានជោគជ័យក្នុងការទទួលថវិកាសម្រាប់អនុវត្តគំរោង ស្រាវជ្រាវក្នុងរង្វង់២០គម្រោងក្នុង១ឆ្នាំៗ។

បានផ្សារភ្ជាប់នូវការបំលែង នូវរាល់របកគំហើញនៃការស្រាវជ្រាវអោយក្លាយទៅជាធាតុចូលសំខាន់ៗក្នុងការសំរេចចិត្តធ្វើគោ លនយោបាយនិង យុទ្ធសាស្ត្រសុខាភិបាលទាំងនៅកំរិតជាតិនិងអន្តរជាតិ តាមរយៈការរៀបចំ ផ្សព្វផ្សាយនូវលទ្ធផលស្រាវជ្រាវជូនអង្គភាពសុខាភិបាលពាក់ព័ន្ធ នូវរាល់ពេល បញ្ចប់គម្រោង ស្រាវជ្រាវនីមួយៗ និងចូលរួមធ្វើបទបង្ហាញលទ្ធផលក្នុង សន្និសិទជាតិនិង អន្តរជាតិ និង ការផ្សព្វផ្សាយលទ្ធផលទាំងនោះជា អត្ថបទវិទ្យាសាស្ត្រនៅតាមបណ្តាទិន្នានុវត្តន៍វិទ្យាសាស្ត្រ អន្តរជាតិនានា។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ បានផ្សព្វផ្សាយលទ្ធផល ស្រាវជ្រាវក្នុងទិន្នានុវត្តន៍វិទ្យាសាស្ត្រ អន្តរជាតិបាន ចំនួន ១៦៦ អត្ថបទ ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ការរៀបចំផែនការ យុទ្ធសាស្ត្រនេះមានបួនដំណាក់កាលរួមមាន

១- ការសិក្សាឯកសារផ្សេងៗអំពីស្ថានភាព និងលទ្ធភាពនៃការរៀបចំមជ្ឈមណ្ឌល ស្រាវជ្រាវសុខភាពសកលនៅលើពិភពលោកនិងនៅ ក្នុងប្រទេសកម្ពុជា។ ២- កិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ដើម្បីប្រមូលធាតុចូលសំរាប់ការរៀបចំ ផែនការយុទ្ធសាស្ត្រ។ ៣-ទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ នៅតាមបណ្តា មជ្ឈមណ្ឌលស្រាវជ្រាវ សុខភាព សុខភាពសាកលក្នុងតំបន់និងអន្តរជាតិនិង ៤- ចងក្រងផែនការយុទ្ធសាស្ត្រនិង ស្នើសុំការឯកភាពពី លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ យើងនឹង ទទួលបាននូវដៃគូរសហការ ថ្មីៗថែមទៀត ពីបណ្តាប្រទេសជាមិត្ត មានដូចជា US NIH និង US CDC និង សកលវិទ្យាល័យផ្សេងៗនៃសហរដ្ឋអាមេរិច ភ្នាក់ងារស្រាវជ្រាវនិងឧបត្ថម្ភថវិកាផ្សេងៗ ទៀតរបស់សាធារណរដ្ឋបារាំង ដូចជា IRD CIRAD សកលវិទ្យាល័យនិងមូលនិធិស្រលាញ់ មនុស្សជាតិ អង្គការអន្តរជាតិនានា ដូចជា Gate Foundation Wellcome Trust មជ្ឈមណ្ឌលស្រាវជ្រាវនៃសកលវិទ្យាល័យនៅប្រទេស អង់គ្លេស ចិន និង ប្រទេសក្នុងតំបន់ដូចជា ប្រទេសឡាវ វៀតណាម និង ថៃ។

លោកសាស្រ្តាចារ្យ Roger Glass នាយកមូលនិធិ China Medical Board (CMB) បានសម្តែងនូវការប្តេជ្ញាចិត្ត ចូលរួមគាំទ្រសាកលវិទ្យាល័យវិទ្យាសាសាស្រ្តសុខាភិបាល ជាមួយដៃគូអភិវឌ្ឍទាំងអស់ ដើម្បីធានាថា មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកលថ្មីនេះ នឹងមានភាពរីកចម្រើន និងជួយពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវសុខភាពសកល ការបណ្តុះបណ្តាល និងគោលនយោបាយសុខាភិបាលនៅកម្ពុជា និងទូទាំងអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើឱ្យសុខភាពប្រជាជន កាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កំពុងដំណើរការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការគាំទ្រថវិកា ពី China Medical Board ដែលជាអង្គការសប្បុរសធម៌អាមេរិកឯករាជ្យមួយ មានប្រវត្តិ ១១០ ឆ្នាំ ឧទ្ទិសដល់ការលើកកម្ពស់ការអប់រំសុខភាព និងវេជ្ជសាស្ត្រនៅប្រទេសចិន និងអាស៊ីអាគ្នេយ៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម