Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ផ្ដាំទៅអន្តរជាតិ​ថា បើ​អាណិតប៉ាឡេស្ទីន គួរ​បើក​ព្រំដែន​ទទួល​យកពួកគេ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំងទៅកាន់សហគមន៍អន្តរជាតិកាលពីថ្ងៃពុធ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០២៥ ដោយនិយាយថា រាល់​ប្រទេសណា​ដែល​ព្រួយបារម្ភអំពីប៉ាឡេស្ទីនគួរតែទទួលយកជនភៀសខ្លួន​ទៅ​ ជាជាងរិះគន់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅ​​ក្នុង​តំបន់​ហ្គាហ្សា។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់​សារព័ត៌មាន i24NEWS ថា «រាល់គ្នា​ដែលព្រួយបារម្ភចំពោះប៉ាឡេស្ទីន ហើយនិយាយថា ពួកគេចង់ជួយប៉ាឡេស្ទីន គួរតែបើកទ្វាររបស់ពួកគេ ហើយឈប់បង្រៀនយើង»។ លោក​បន្ថែម​ថា ពលរដ្ឋ​​ប៉ាឡេស្ទីន​គួរតែស្ម័គ្រចិត្តចាកចេញ​ដោយ​ខ្លួន​ឯង​ចេញ​ពី​តំបន់​ហ្គាហ្សា។

ការ​លើក​ឡើង​របស់​លោក​ ណេតាន់យ៉ាហ៊ូ ធ្វើ​ឡើង​បន្ទាប់​ពី​​កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន​ចំនួន ១២៣​នាក់ក្នុងរយៈពេលត្រឹមតែ​ ២៤​ម៉ោងចុង​ក្រោយ​។ នេះ​បើយោង​តាម​​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ហ្គាហ្សា។

សុន្ទរកថារបស់មេ​ដឹក​នាំ​អ៊ីស្រាអែល បានទាក់ទាញការថ្កោលទោសភ្លាមៗពីមេដឹកនាំអារ៉ាប់ និងអង្គការមនុស្សធម៌ ខណៈ​ប្រទេសចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសវិបត្តិមនុស្សធម៌នៅ​ហ្គាហ្សា។

យ៉ាង​ណា​មិញ ការិយាល័យនាយករដ្ឋមន្ដ្រីអ៊ីស្រាអែល ក្រោយមកបានចេញ​មក​បំភ្លឺថា លោក ណេតាន់យ៉ាហ៊ូ មិនគាំទ្រការបណ្តេញចេញដោយបង្ខំនោះទេ ពោល​គឺ​ដោយ​ការស្ម័គ្រចិត្ត ប៉ុន្តែបាន​សង្កត់​ធ្ងន់​ថា អ៊ីស្រាអែលមាន «សិទ្ធិការពារខ្លួន» បន្ទាប់ពីការវាយប្រហារនៅខែតុលា​ឆ្នាំ​២០២៣​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស៕

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ណេតាន់យ៉ាហ៊ូ រង​ការ​រិះគន់​ជុំទិស​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ UN អំពី​ផែនការ​​វាយ​យក​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម