ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជំរុញឲ្យអឺរ៉ុបបញ្ចប់ការទិញប្រេងពីរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញប្រទេសអឺរ៉ុបឲ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ក្នុងអំឡុងការហៅទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ទី៤កញ្ញា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំពិភពលោកផ្សេងទៀត ដោយព្រមានថា ប្រាក់ចំណូលបែបនេះកំពុងបញ្ឆេះសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

កិច្ចប្រជុំអនឡាញដែលចូលរួមដោយមេដឹកនាំប្រហែល ២០រូប បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំផ្ទាល់រវាងប្រធានាធិបតីបារាំង Emmanuel Macron និងលោក ហ្សេលេនស្គី នៅទីក្រុងប៉ារីស។ មេដឹកនាំមកពីប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ជប៉ុន និងប្រជាជាតិផ្សេងទៀតដែលហៅថា «សម្ព័ន្ធនៃឆន្ទៈ» ក៏បានចូលរួមផងដែរ។
មន្ត្រីសេតវិមានបាននិយាយថា «ប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវតែបញ្ឈប់ការទិញប្រេងពីរុស្ស៊ីដែលផ្តល់មូលនិធិដល់សង្រ្គាម ខណៈដែលរុស្ស៊ីបានទទួល ១,១ពាន់លានអឺរ៉ូ (១,២៨ពាន់លានដុល្លារ) ក្នុងការលក់ប្រេងឥន្ធនៈឲ្យ EU ក្នុងរយៈពេលមួយឆ្នាំ»។ លោកក៏បានជំរុញដៃគូអឺរ៉ុបឲ្យបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសចិន ចំពោះអ្វីដែលលោកហៅថាតួនាទីរបស់ទីក្រុងប៉េកាំង ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ទីក្រុងមូស្គូ។
ការជំរុញនេះ បានកើតឡើងខណៈកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបង្កើតឲ្យមានការចរចារវាងលោក ហ្សេលេនស្គី និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅមិនទាន់មានផ្លែផ្កានៅឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News កាលពីល្ងាចថ្ងៃពុធ លោក ត្រាំ បានរៀបរាប់ថា លោកនៅតែមានទំនុកចិត្តថាសង្រ្គាមនឹងបញ្ចប់ «អ្វីមួយនឹងកើតឡើង ប៉ុន្តែពួកគេមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែអ្វីមួយនឹងកើតឡើង។ យើងនឹងធ្វើវាឲ្យរួចរាល់»។
លោក ហ្សេលេនស្គី បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមចម្រុះបានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា «ការគាំទ្រសម្រាប់អ៊ុយក្រែនត្រូវតែកើនឡើង ហើយសម្ពាធលើរុស្ស៊ីត្រូវតែកាន់តែខ្លាំង» ដោយបន្ថែមថា ការងារកំពុងរីកចម្រើនលើកញ្ចប់ទណ្ឌកម្មទី១៩ របស់សហភាពអឺរ៉ុប ដោយប្រទេសជប៉ុនក៏បានរៀបចំវិធានការផងដែរ។
ការអំពាវនាវទាំងនេះ បានកើតឡើងនៅពេលដែលលោក ពូទីន បានស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមហាអំណាចមិនមែនលោកខាងលិច ពោលគឺលោកបានជួបក្នុងប៉ុន្មានថ្ងៃថ្មីៗនេះជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបង្កើនការព្រួយបារម្ភសម្រាប់រដ្ឋធានីវ៉ាស៊ីនតោន និងអឺរ៉ុបអំពីប្លុកប្រឆាំងលោកខាងលិចដែលកំពុងកើនឡើងមួយនេះ៕
ដោយ៖ ឈាង
ចុចអាន៖ Macron បញ្ជាក់ថា ២៦ប្រទេស ឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


