ព័ត៌មានអន្ដរជាតិ
កាតា ជំរុញឲ្យពិភពលោក «កុំប្រើស្តង់ដាពីរ» និងត្រូវដាក់ទោស អ៊ីស្រាអែល
កាលពីថ្ងៃអាទិត្យទី១៤ខែកញ្ញាឆ្នាំ២០២៥ ប្រទេសកាតាបានអំពាវនាវឲ្យពិភពលោក «កុំប្រើស្តង់ដាពីរ» ហើយត្រូវតែនាំអ៊ីស្រាអែល ឲ្យមកទទួលខុសត្រូវឲ្យខាងតែបាន ក្រោយកងកម្លាំង IDF ក្រោមការបញ្ជារបស់លោក Benjamin Netanyahu បញ្ជូនយន្តហោះចម្បាំងវាយប្រហារលើរាជធានី ដូហា ដោយសំអាងថា កំណត់គោលដីលើមេក្រុមហាម៉ាស។

ថ្លែងមុនកិច្ចប្រជុំអារ៉ាប់-ឥស្លាម, នាយករដ្ឋមន្ត្រីកាតានិងជារដ្ឋមន្ត្រីក្រសួងការបរទេសផងនោះ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al-Thani មានបន្ទូលថា «ដល់ពេលហើយដែលសហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់ការប្រើប្រាស់ស្តង់ដាពីរ និងត្រូវដាក់ទោសអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលគេបានប្រព្រឹត្ត។ សង្រ្គាមបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅហ្គាហ្សានឹងមិនទទួលបានជោគជ័យឡើយ។ ដោយសារតែគ្រប់គ្នានៅស្ងៀម ហើយសហគមន៍អន្តរជាតិគ្មានសមត្ថភាពនាំអ៊ីស្រាអែលមកដាក់ទោសទៀតនោះ ទើបអ៊ីស្រាអែលបានចិត្ត និងកាន់តែខ្លាំងដៃ»។
សូមជម្រាបថា កិច្ចប្រជុំនេះគឺរៀបចំឡើងនៅទីក្រុងដូហានៃប្រទេសកាតា ជាជំនួបនៃមេដឹកនាំប្រទេសអារ៉ាប់-ឥស្លាម ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហានិងដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល ឲ្យបញ្ឈប់សកម្មភាពដ៏គឃ្លើន ជាពិសេសត្រូវបញ្ចប់សង្គ្រាមានៅហ្គាហ្សាឲ្យបាន។

កាលពីសប្តាហ៍មុន ពិភពលោកពិតជាស្មានមិនដល់ឡើយនៅពេលលោក Netanyahu ហ៊ានបញ្ជូនយន្តហោះចម្បាំង១៥គ្រឿង វាយប្រហាររាជធានីដូហា ដោយកំណត់គោលដៅលើទីតាំងដែលខ្លួនជឿថា ជាជម្រករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។
តាមសេចក្តីរាយការណ៍របស់ BBC, ប្រតិបត្តិការនោះមិនបានយកជីវិតមេក្រុមហាម៉ាសទេ ប៉ុន្តែបានសម្លាប់មនុស្សចំនួន៦នាក់ រួមទាំងកូនប្រុសរបស់លោក Khalil al-Hayya ដែលជាប្រមុខការិយាល័យនយោបាយរបស់ចលនាមួយនេះផងដែរ។
ក្រោយមក ប្រទេសកាតា បានថ្កោលទោសអ៊ីស្រាអែលខ្លាំងៗ ដោយព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យដាច់ខាតចំពោះទង្វើដ៏ព្រហើននេះ។
ឯកអគ្គរាជទូតកាតាប្រចាំអង្គការសហប្រជាជាតិ Alya Ahmed Saif Al-Thani បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥ថា៖ «រដ្ឋកាតាសូមថ្កោលទោសយ៉ាងដាក់អហង្ការ ចំពោះការវាយប្រហារបែបឧក្រិដ្ឋនិងកំសាក ដែលជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់និងបទដ្ឋានអន្តរជាតិទាំងអស់»។
លើសពីនេះ កាតា ថែមទាំងចោទអ៊ីស្រាអែលទៀតផងថា កំពុងធ្វើទង្វើដែលគ្មានទំនួលខុសត្រូវ និងបង្កអសន្តិសុខជាបន្តបន្ទាប់នៅក្នុងតំបន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំហាម៉ាស រួចជីវិតពីការវាយប្រហារអ៊ីស្រាអែល ព្រោះភ្លេចទូរសព្ទ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


