Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបន្តប៉ះពាល់ដល់ពលរដ្ឋកើនដល់ជាង៣៥០០០ គ្រួសារ និងដំណាំស្រូវជាង​១៦០០០​ហិកតាក្នុងខេត្ត១១

បានផុស

នៅ

ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានបន្តប៉ះពាល់ដល់ប្រជាពលរដ្ឋកើនឡើងដល់ជាង ៣៥០០០គ្រួសារ ផ្ទះជិត៣ម៉ឺនខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពជាង២ពាន់គ្រួសារ និងដំណាំស្រូវជាង១៦០០០ហិកតា ក្នុងនោះខូចខាតជាង៦៤០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២តុលានេះថា គិតចាប់ពីថ្ងៃទី២៦កញ្ញា ដល់ល្ងាចថ្ងៃទី១តុលា ឆ្នាំ២០២៥ ក្នុងចំណោមខេត្តដែលជន់លិចចំនួន ១១ខេត្ត រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងព្រះវិហារមានខេត្តខ្លះបានស្រកចុះយឺតៗ និងខេត្តខ្លះបន្តឡើងដូចជានៅខេត្តស្ទឹងត្រែងទឹកបន្តឡើងខ្ពស់។

លោកបានបន្តថា ការជន់លិចនេះបានបណ្តាលឱ្យប៉ះពាល់៤៦ ក្រុង/ស្រុកនៃខេត្ត១១ស្មើ ៣៥,៦៥១ គ្រួសារ កើន ៣,៣៥៦ គ្រួសារ ផ្ទះប៉ះពាល់ចំនួន២៧,០១៨ ខ្នងកើន ២,២២៣ ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន២,០១៦ គ្រួសារស្រូវប៉ះពាល់ចំនួន១៦,០០២ ហិកតាកើន ១៣៨ ហិកតាក្នុងនោះស្រូវខូចខាតចំនួន ៦៤៣ ហិកតាកើន ៥ ហិកតា។

លោកបានបញ្ជាក់ថា ចំពោះកម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែងមាន ១០.៤៥ម៉ែត្រ(កម្រិតប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ) ទន្លេមេគង្គក្រចេះទឹកមានកម្ពស់២១.៦៦ម៉ែត្រ (កម្រិត ប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ) ទន្លេបាសាក់ចតុមុខទឹកមានកម្ពស់​៩.២៦ម៉ែត្រ(កម្រិត ប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ)។ ដោយឡែកទឹកស្ទឹងនានាក្នុងខេត្តពោធិ៍សាត់ នៅពុំទាន់មានចោទជាបញ្ហានៅឡើយទេ។

លោកបានបន្តទៀតថា ក្នុងការអន្តរាគមន៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅខេត្តដែងរងគ្រោះ និងតាមដានជាប់ជាប្រចាំការវិវដ្ដស្ថានភាពទឹកជំនន់។​ ចំណែកអាជ្ញាធរមូលដ្ឋានក៏ចុះអន្តរាគមន៍ និងចុះជាប់តំបន់រងគ្រោះផងដែរ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ដោយសារសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ (Matmo)។ ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះបានធ្វើឱ្យអាកាសធាតុចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០តុលានៅតំបន់វាលទំនាបមានភ្លៀងជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។តំបន់ខ្ពង់រាបមានភ្លៀងជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%និងតំបន់មាត់សមុទ្រមានភ្លៀងជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម