Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរអប្សរា ផ្តល់សម្ភារ និងកម្លាំង ដល់អង្គការប្រាសាទពិភពលោក ជួសជុលប្រាសាទបាខែង

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក (world Monument Fund (WMF)) ដើម្បីជួយធ្វើការជាប្រចាំថ្ងៃ នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ WMF នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់ នៃការជម្រាបទឹក ដែលម្នាក់ៗមានបទពិសោធន៍ និងជំនាញ យ៉ាងហោចណាស់ក៏ជាង ១០ឆ្នាំដែរ។

អ្នកស្រី ជាម ផល្លី ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តផ្ដល់សម្ភារ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណចំពោះ អាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក (WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល ៣៥ ឆ្នាំមកហើយ។

អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល ៣៥ ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅតំបន់អង្គរ ដោយជួសជុលប្រាសាទចំនួន ៥ ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង។ រីឯប្រាសាទនាគព័ន្ធ ស្ថិតក្នុងគម្រោងថែទាំ សម្អាតស្មៅនៅជុំវិញស្រះ អស់រយៈពេលជាង ១០ ឆ្នាំមកដែរ។

បន្ថែមលើនេះ ក្នុងអំឡុងពេល ៣៥ ឆ្នាំ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ក៏បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅប្រទេសកម្ពុជា ដូចជា ការបណ្តុះបណ្តាលធនធានមនុស្សនិស្សិត កម្មករ មេជាង ឱ្យក្លាយទៅជាអ្នកជំនាញពិតប្រាកដ ធ្វើការដោយខ្លួនឯងដោយមិនពឹងផ្អែកលើអ្នកជំនាញអន្តរជាតិ។ ជួយចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជា ហើយក៏បានធ្វើឱ្យមានស្ថិរភាព និងអភិរក្សប្រាសាទសំខាន់ៗជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម