សេដ្ឋកិច្ច
អ្នកជំនាញ ៖ ការបើកសង្គម-សេដ្ឋកិច្ចឡើងវិញ នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ មានការប្រែប្រួល
ការបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាឱកាសដ៏សមស្របបំផុត ដែលនឹងរុញច្រានឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការប្រែប្រួលខ្លះនៅឆ្នាំ ២០២១នេះ។ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មាន ថា នឹងមានកំណើនក្នុងអត្រា ២.៤% ខណៈតួលេខនេះ មាននិន្នាការស្រដៀងគ្នា ទៅនឹងការវាយតម្លៃ របស់ស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិធំៗ ក្នុងរង្វង់ប្រមាណ ២.០%។ ចំណែកនៅឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់កម្ពុជា នឹងរំពឹងថា នឹងសម្រេចបានកំណើន៤.៨% ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១តទៅ បន្ទាប់ពីអត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់។
លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែវិច្ឆិកានេះថា ការសម្រេចបើកឡើងវិញ នូវសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញនេះ គឺជាឱកាសដ៏សមស្របបំផុត ក្នុងកាលៈទេសៈដែលការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់។ ចំណែកឯបណ្ដាប្រទេសមួយចំនួនទៀត នៅលើពិភពលោក ក៏បានចាប់ផ្ដើមបើកសង្គម-សេដ្ឋកិច្ចមួយផ្នែកធំ ឬក៏ទាំងស្រុងតែម្ដង។ ដូច្នេះការបើកប្រទេសឡើងវិញ លើគ្រប់វិស័យបែបនេះ គឺជាការចាប់ឱកាសដ៏ល្អ ហើយស្រូបយកមកវិញនូវអ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ទាំងមកពីក្នុងតំបន់ និងមកពីបណ្ដាប្រទេសនានា នៅលើពិភពលោក។

លោកបណ្ឌិត ឆេង គីមឡុង មានប្រសាសន៍បន្តថា ទោះបីជាការឆ្លងជំងឺកូវីដ-១៩ មានការថយចុះក៏ពិតមែន ហើយការបើកដំណើរការសង្គម-សេដ្ឋកិច្ចនៅកម្ពុជា មានភាពល្អប្រសើរក៏ដោយ តែអ្វីដែលត្រូវបានធ្វើនោះ គឺការបន្តអនុវត្តនូវវិធានការសុខាភិបាល។
«ទោះបីមានការឆ្លងរីករាលដាល បានថយចុះក៏ពិតមែន ក៏ប៉ុន្តែហានិភ័យនៅមានខ្លះ ដោយសារយើងពុំទាន់ដឹងច្បាស់ អំពីរូបភាពបំប្លែងខ្លួនថ្មីៗ នៃមេរោគ។ ដូច្នេះ ចំណុចសំខាន់ គឺទន្ទឹមពេលមានការចាប់ផ្ដើមបើក គឺអនុវត្តនូវវិធានការសុខាភិបាលតឹងរឹង ហើយនឹងចាប់ផ្ដើមគិតគូរនូវគំនិតផ្ដួចផ្ដើម និងកម្មវិធីថ្មីៗ ដោយផ្ដល់អាទិភាពទៅដល់អ្នកធ្វើដំណើរ អ្នកទេសចរ អ្នកវិនិយោគទាំងអស់ អ្នកដែលធ្វើដំណើរមកប្រកបកិច្ចការងារផ្សេងទៀត ដោយទទួលបាននូវវ៉ាក់សាំង ជាក្រុមដែលទទួលបានអាទិភាពខ្លាំង ដូចតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃម្សិលមិញ ក្នុងការលុបបំបាត់ ឬក៏យើងហៅថា កែសម្រួលឲ្យមានប្រសិទ្ធភាពទាំងមុន នូវនីតិវិធីទាំងអស់នោះ រួមទាំងការលុបបំបាត់ចោល ការធ្វើចត្តាឡីស័កជាដើម»។ លោកបន្ថែម។
អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងបន្តថា ការបើកដំណើរការឡើងវិញ នូវសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យនេះ នឹងអាចធ្វើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រែប្រួលខ្លះផងដែរ។ លោកថា បណ្ដាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុប នៅអាស៊ីប៉ាស៊ីហ្វិក និងប្រទេសជប៉ុនជាដើម បានចាប់ផ្ដើមបើក នូវសេដ្ឋកិច្ចរបស់ខ្លួន ហើយនឹងជំរុញឲ្យមានការហោះហើរឡើងវិញ។
«ការជំរុញការហោះហើរ ការជំរុញនូវប្រតិបត្តិការ ទំនាក់ទំនងអាជីវកម្ម សេដ្ឋកិច្ចឡើងវិញនេះ អាចនឹងរុញច្រាននូវសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីមិនបាន ១០០ភាគរយ មិនបានដូចមុនសម័យកូវីដ ក៏ប៉ុន្តែអាចជំរុញឲ្យមានតម្រូវការស្រូបទាញនូវផលិតផល និងទំនិញ ដែលកម្ពុជាផលិត ក៏ដូចជាការស្របទាញយកនូវធនធាន ជាផ្នែកទឹកប្រាក់វិនិយោគ និងបច្ចេកវិទ្យាពីខាងក្រៅមក ដើម្បីបំពេញនូវតម្រូវការក្នុងស្រុក ជាពិសេស គឺទាក់ទងទៅនឹងផលិតកម្ម ការកែច្នៃទំនិញ សេវាផ្សេងៗ បម្រើសេចក្ដីត្រូវការក្នុងស្រុក ក្នុងតំបន់ និងពិភពលោក»។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឆេង គីមឡុង។
អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញជំនឿថា ទោះបីជាមិនដល់ ២ខែទៀត នឹងឈានចូលដល់ឆ្នាំ ២០២២ក៏ដោយ ក៏ប៉ុន្តែការចាប់ផ្ដើមបើកនូវសង្គម-សេដ្ឋកិច្ច និងការត្រៀមអនុវត្តនូវកម្មវិធី និងយុទ្ធសាស្រ្ដនានា គឺជាការត្រៀមខ្លួនដ៏ល្អ សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខាងមុខនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ