សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញផលិតករកម្ពុជា ពង្រីកផលិតកម្មឱ្យមានគុណភាពបម្រើទីផ្សារ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាម គោលការណ៍ “ភក្តីភាពចំពោះពាណិជ្ជកម្ម” គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។

លោករដ្ឋមន្រ្តីលោកឡើងបែបនេះ នៅក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ឆ្នាំ២០២៣ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី ២៤ កុម្ភៈ។
លោករដ្ឋមន្រ្តីបានលើកឡើងថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។ តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរចំនួន៧រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជាក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ។

លោកមើលឃើញថា ផលិតផលខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។
ទោះយ៉ាងណាលោក ប៉ាន សូរស័ក្តិ បានធ្វើការប្រៀបធៀបផលិតផលកម្ពុជា ជាមួយផលិតផលរបស់បរទេស ដែលកំពុងធ្វើចរាចរនៅលើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារសកល ឃើញថាការការរីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ។
លោក ក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមានស្រាប់ តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមចំនួនជាង១០០។ ក្នុងអំឡុងពេលនេះដែរ ក្រសួងពាណិជ្ជកម្មក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនទៀត ដូចជា ការចម្អិនម្ហូបអាហារខ្មែរ កម្មវិធីសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា កម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីបន្លែសុវត្ថិភាពសម្រាប់កុមារ និងការលេងសិល្បៈខ្មែរកំដរក្នុងពេលរាត្រីផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ