Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីចិន, ថៃ សម្លឹង ឥណ្ឌា ជាគោលដៅជំរុញទេសចរណ៍វិញម្តង

បានផុស

នៅ

ប្រទេសថៃ​ដាក់គោលដៅបន្ថែមលើភ្ញៀវទេសចរឥណ្ឌា ដើម្បីជំរុញ​វិស័យទេសចរណ៍របស់ខ្លួន​ បើទោះបីជាបាន​លើកលែង​ទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ក្នុងរដូវវិស្សមកាលដ៏មមាញឹកក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ឥណ្ឌានៅឆ្នាំនេះ ជាមួយនឹងផែនការជួបសមភាគីលោកនាយករដ្ឋមន្ត្រី Narendra Modi និងពិភាក្សាអំពីការបង្កើនប្រេកង់ហោះហើររវាងប្រទេសទាំងពីរ រួមទាំងសេវាកម្មជាច្រើនទៀតជាមួយក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Pcl ។

លោកបញ្ជាក់ថា ថៃក៏អាចនឹងពិចារណាវិធានការផ្សេងទៀត ដើម្បីជំរុញការមកដល់របស់ភ្ញៀវទេសចរឥណ្ឌា ដូចជាការលើកលែងពន្ធលើគ្រឿងអលង្ការដែលនាំចូលសម្រាប់ពិធីមង្គលការឥណ្ឌា ដែលធ្វើឡើងនៅក្នុងប្រទេសថៃ ។ ទន្ទឹមនឹងនេះ ​ដោយសារអ្នកទេសចរឥណ្ឌាអាចទទួលបានទិដ្ឋាការថៃយ៉ាងងាយស្រួលរួចជាស្រេច ដូចនេះការលើកលែងទិដ្ឋាការដូចចិន ប្រហែលជាមិនចាំបាច់ទេ ។

កន្លងមកថៃបានលើកលែងទិដ្ឋាការសម្រាប់ទេសចរចិន និងកាហ្សាក់ស្ថាន ដែលអាចចូលមកថៃបាន ចន្លោះពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយអាចស្នាក់នៅក្នុងរយៈពេលអតិបរមា ៣០ថ្ងៃ ក្នុងមួយលើក ។ សម្រាប់កម្មវិធីលើកលែងទិដ្ឋាការនេះដែរត្រូវបានគេរំពឹងថា នឹងនាំមកនូវចំណូល ៩៨០ លានដុល្លារអាមេរិកពីភ្ញៀវទេសចរចិន ។

លើសពីនេះ ថៃ​កំពុង​បង្កើន​វិធានការ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​ធ្វើ​ដំណើរ​ដែល​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលពីទេសចរណ៍ដល់កម្រិតមុនកូវីដជាមួយគោលដៅ ៨៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន ថៃ​ទទួលបានទេសចរ​បរទេស​ចំនួន ១៨.៥ លាន​នាក់ និងទទួលចំណូលបាន ២១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ FMT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម