ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀងណែនាំឱ្យពលរដ្ឋ ប្រុងប្រយ័ត្ន មុននឹងសម្រេចិត្តទិញដីពុះឡូត៍
អាជីវកម្មពុះដីឡូត៍លក់នៅក្រុងបាវិតខេត្តស្វាយបាននឹងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងមួយរយៈចុងក្រោយនេះ។ ទន្ទឹមនេះ គេក៏សង្កេតឃើញមានម្ចាស់គម្រោងមួយចំនួនមិនមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការអភិវឌ្ឍន៍នោះទេ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនរងគ្រោះ បន្ទាប់ពីទិញដីឡូត៍នោះរួច។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុននឹងសម្រេចចិត្តទិញគម្រោងដីឡូត៍ណាមួយនៅក្នុងខេត្ត ជៀសវាងការខាតបង់ផលប្រយោជន៍ទៅថ្ងៃក្រោយ។

ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំបោកប្រាស់ ឬកេងចំណេញ ដោយប្រការណាមួយ ប្រជាពលរដ្ឋ និងសាធារណជន ត្រូវពិនិត្យ និងស្វែងយល់ឱ្យបានច្បាស់លាស់ និងដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម រួមមាន៖ ១- លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី ២- លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍។ ៣- កិច្ចសន្យាពាក់ព័ន្ធ និង ៤- ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុជាដើម។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍ថា៖ «អាជ្ញាធរតម្រូវឱ្យម្ចាស់គម្រោងដីឡូតិ៍ទាំងអស់ត្រូវមានឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម មុននឹងអាចធ្វើការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបាន។ លើសពីនេះ ម្ចាស់គម្រោងត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ប្រព័ន្ធទឹក ភ្លើង លូ និងផ្លូវជាដើម ឱ្យបានយ៉ាងហោចណាស់ ៣០ ឬ ៤០ ភាគរយជាមុនសិនទើបអាចពុះដីឡូតិ៍លក់បាន។»

លោកបានបន្តថា ចំណែកប្រជាពលរដ្ឋវិញ ពួកគេត្រូវចេះសួរនាំរឿងច្បាប់ និងឯកសារពាក់ព័ន្ធនានាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញគម្រោងណាមួយ។ ម្យ៉ាងទៀត ពួកគេត្រូវពិនិត្យមើលថាតើ ម្ចាស់គម្រោងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់បានប៉ុន្មានភាគរយហើយ ដើម្បីជៀសវាងការចាញ់បោកជនខិលខូចមួយចំនួនតូច។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងករណីប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីវកម្មពុះដីឡូត៍ណាមួយ ពួកគេអាចទាក់ទងមកកាន់រដ្ឋបាលក្រុង-ស្រុក ដែលទីតាំងដីឡូត៍នោះស្ថិតនៅ ឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


