Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម និងប្រេស៊ីល ពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ខណៈពាណិជ្ជកម្ម​ទ្វេភាគី​ឈាន​ដល់​ជាង​ ៧ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

​​វៀតណាម​ និង​ប្រេស៊ីល​ បាន​ពង្រីក​ភាព​ជា​ដៃគូយុទ្ធសាស្រ្ត​លើវិស័យ​ផ្សេង​ៗ​ជា​ច្រើន​ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​បាន​ឈាន​ដល់​ជាង​ ៧ ប៊ីលាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ពង្រីក​ទំនាក់​ទំនង​នេះ​ ធ្វើ​ឡើង​ក្នុងជំនួបរវាង​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​ប្រេស៊ីល លោក​ Bùi Văn Nghị ជាមួយអភិបាលរដ្ឋ​ Amazonas ​លោក Wilson Miranda Lima ​ដោយលោក​​ Nghị បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់​ប្រេស៊ីល ដោយ​ពាណិជ្ជកម្ម​ទ្វេភាគីសម្រេច​បាន​ ៧,១១ ប៊ីលាន​ដុល្លារ​​កាល​ពី​ឆ្នាំ​ ២០២៣​ ហើយប្រទេសទាំង២​​នៅ​តែ​អាច​ផ្លាស់ប្តូរ​គ្នា​ក្នុងវិស័យផ្សេងៗ។

វិស័យ​ទាំង​នោះ​រួម​មាន​ ​​នយោបាយ ការទូត ពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងកែច្នៃកសិកម្ម ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និងការផ្លាស់ប្តូររវាង​ប្រជាជន​និង​ប្រជាជន។

លើស​ពី​នេះ​ លោក Nghị បានសម្តែងនូវក្តីសង្ឃឹមថា វៀតណាម​ និង​ប្រេស៊ីល​នឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​រវាង​គ្នា​ និង​គ្នា​ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ​ក្នុង​អង្គការអន្តរជាតិ និងវេទិកាពហុភាគី។

ចំណែក​ឯ​លោក​ Lima វិញ​ បានគូសបញ្ជាក់ថា រដ្ឋ Amazonas និងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានភាពស្រដៀងគ្នាជា​ច្រើន​លើបញ្ហា​​អាកាសធាតុ​ ហើយលោកបាននិយាយថា រដ្ឋ​ Amazonas នឹងជួយសម្រួលដល់អាជីវកម្មដែលចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការ​ក្នុង​ប្លុក​នេះ​។

បើតាម​ Viet Nam News ដំណើរ​ទស្សនកិច្ច​របស់​លោក Nghị ​ទៅរដ្ឋ​ Amazonas គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ការទូត​របស់​គណៈកម្មាធិការ​អាស៊ាន​នៅ​ប្រេស៊ីល។ រដ្ឋ​ Amazonas គឺជារដ្ឋដ៏ធំបំផុតរបស់​ប្រេស៊ីល ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេស និងគ្របដណ្តប់ដោយព្រៃអាម៉ាហ្សូន ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីចម្រុះដ៏​ធំ​​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម