ព័ត៌មានជាតិ
សួនឧស្សាហកម្មកម្ពុជា ចង់ទាក់ទាញអ្នកវិនិយោគពីបរទេសកាន់តែច្រើន ជាពិសេសថៃ និងវៀតណាម
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាបណ្ដុំមូលដ្ឋានរោងចក្រនៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុន និងចិនជាយូរមកហើយនោះ កំពុងសម្លឹងចង់ទាក់ទាញអ្នកវិនិយោគពីថៃ និងវៀតណាម ឱ្យមកជួលទីតាំងរបស់ខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកមើលឃើញពីរបត់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយអាចបង្កើតឱកាសដើម្បីឱ្យកម្ពុជាទាក់ទាញ ក្រុមហ៊ុនបរទេស។

នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រតិបត្តិករ Royal Group PPSEZ លោក Hiroshi Uematsu បានថ្លែងប្រាប់កាសែត Nikkei Asia ក្នុងបទសម្ភាសន៍មួយថា៖ «តាមភូមិសាស្រ្ត វាមានភាពងាយស្រួលក្នុងការជួយបន្ថែមលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសថៃ ហើយយើងបានព្យាយាមទាក់ទាញក្រុមហ៊ុននានាមក PPSEZ ក្រោមគម្រោង «ថៃបូកមួយ»»។ បើតាម Nikkei Asia លោកថ្លែងយ៉ាងដូច្នេះខណៈមាននិន្ននាការដែលក្រុមហ៊ុននៅថៃជាច្រើន បានដាក់រោងចក្ររបស់ខ្លួនក្នុងប្រទេសក្បែរខាង ដោយសារតែកំណើនថ្លៃចំណាយនៅក្នុងប្រទេសថៃ ។
គួរគូសបញ្ជាក់ថា PPSEZ ដែលគ្របដណ្ដប់លើផ្ទៃក្រឡាដី ៣,៥៧ គីឡូម៉ែត្រការ៉េ មានក្រុមហ៊ុនជាង ៩០ មកពី ១៥ ប្រទេស ដាក់ទីតាំងជួល និងជាសួនឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា អមគ្នានឹងសួនឧស្សាហកម្មចិនទំហំ ១០ គីឡូម៉ែត្រការ៉េ នៅខេត្តព្រះសីហនុ។

បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិន គ្របដណ្ដប់ ២/៣ នៃក្រុមហ៊ុនដែលជួលទីតាំង PPSEZ។ ខណៈជប៉ុន និងចិន នៅតែជាប្រភពនៃការវិនិយោគដ៏សំខាន់ លោក Uematsu បានថ្លែងថា PPSEZ មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមផ្ទាល់ ក៏ដូចជាក្រុមហ៊ុនបរទេសផ្សេងទៀត ដែលផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួនពីប្រទេសជិតខាងទាំង២។ សួនឧស្សាហកម្មដដែលនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ពីរាជធានីបាងកករបស់ថៃ និងទីក្រុងហូជីមិញ ដែលជាក្រុងដ៏ធំបំផុតរបស់វៀតណាម។
ដោយមើលឃើញពីភូមិសាស្រ្តដូចគ្នាទៅនឹងថៃ ក៏ដូចជាការណ៍ដែលថាតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមមានសួនឧស្សាហកម្មជាច្រើនកន្លែងនោះ លោក Uematsu បានថ្លែងថា៖ «យើងជឿជាក់ថា វាអាចទៅរួចក្នុងការលើកទឹកចិត្ត ដល់ការផ្ទេរផលិតកម្មពីប្រទេសវៀតណាម ហើយកសាងខ្សែសង្វាក់ផ្គត់ផ្គង់ជាលក្ខណៈសហប្រតិបត្តិការ»។

ទន្ទឹមនឹងនេះ មន្រ្តី PPSEZ ក៏លើកឡើងផងដែរថា កម្ពុជាមានឱកាសជាច្រើនក្នុងការទាញយកប្រយោជន៍ពីភូមិសាស្រ្តនយោបាយ ដោយលោកលើកឡើងពីសេណារីយ៉ូនាពេលខាងមុខ។ លោក Uematsu និយាយថា កម្ពុជានឹងទាក់ទាញក្រុមហ៊ុនបរទេសបន្ថែមទៀត ពេលដែលក្រុមហ៊ុនទាំងនោះកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ដោយសារតែការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា នោះជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងកើនកម្ដៅ ហើយកម្ពុជានឹងទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើន ថាជាទិសដៅផ្លាស់ប្តូរទីតាំងផលិតកម្ម»។
លោក Uematsu បានបន្ថែមថា ទោះកម្ពុជារងការរិះគន់ផ្នែកនយោបាយពីប្រទេសលោកខាងលិចក៏ដោយ កម្ពុជានៅតែមានស្ថេរភាពនយោបាយ។

ទោះយ៉ាងណាក៏ដោយ លោក Uematsu បានលើកឡើងពីការព្រួយបារម្ភថា កម្ពុជាត្រូវតែដោះស្រាយលើថ្លៃភស្តុភារកម្មដែលមានកម្រិតខ្ពស់។ លោកថា ចំពេលដែល PPSEZ សម្លឹងទាក់ទាញអ្នកវិនិយោគដែលចង់ប្ដូរទីតាំងរោងចក្រពីប្រទេសជិតខាង ជំនួញថៃបានចោទប្រកាន់ថា មន្ត្រីគយកម្ពុជាបានសុំសំណូកពួកគេ ប៉ុន្តែមន្ត្រីគយឆ្លើយទៅវិញថា ក្រុមហ៊ុនភស្តុភារកម្មទៅវិញទេដែលកេងចំណេញពីពួកគេ។
លោកថា ប្រសិនបើបញ្ហានេះទាំងមូលត្រូវបានដោះស្រាយ «ខ្ញុំជឿថា វាអាចទៅរួច ដែលតម្លៃភស្តុភារកម្មសរុប [ពីប្រទេសជិតខាង] អាចបន្ថយចុះរហូតដល់ ៣០ ភាគរយ»។
យ៉ាងណាមិញ លោក Uematsu បានថ្លែងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសំឡេងរបស់អ្នកវិនិយោគបរទេស ដោយមានមន្ត្រីកម្ពុជាម្នាក់បានប្រាប់លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងស្ថាប័ននានាឱ្យដោះស្រាយបញ្ហាអាជីវកម្ម ព្រោះវិស័យឯកជននឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


