ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ៖ ការរំលាយបក្ស MFP អាចប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនពីលោកខាងលិច
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriangkrai Thiennukul បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការរំលាយគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលទទួលបានសម្លេងគាំទ្រច្រើនបំផុតក្នុងការបោះឆ្នោតកាលពីឆ្នាំមុន នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគមកពីប្រទេសលោកខាងលិច។ នេះបើតាមការស្រង់សម្ដីរបស់កាសែត The Nation។

លោក Kriangkrai បានគូសបញ្ជាក់ថា ទំនុកចិត្តរបស់វិនិយោគិននឹងរងផលប៉ះពាល់ ដោយសារតែលោកខាងលិចផ្ដោតលើសេរីភាពនយោបាយក្នុងជំនួញរបស់ពួកគេ ជាពិសេសនៅពេលស្ថាប័ន និងប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប សម្ដែងការព្រួយបារម្ភធ្ងន់ធ្ងរចំពោះសេរីភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ។
សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃក្នុងការរំលាយគណបក្សនយោបាយដ៏សំខាន់របស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់ការបើកចំហលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ខណៈក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា សេចក្តីសម្រេចរបស់តុលាការដដែល បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យរបស់ថៃ ហើយដើរផ្ទុយទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជនថៃសម្រាប់អនាគតដ៏រឹងមាំ និងប្រកបដោយប្រជាធិបតេយ្យ។
គួរគូសបញ្ជាក់ថា គណបក្ស MFP បានឈ្នះការបោះឆ្នោត តែមិនបានសម្រេចក្នុងការបង្កើតរដ្ឋាភិបាល ដោយសារតែខ្វះការគាំទ្រពីសមាជិកព្រឹទ្ធសភា ដែលរបបយោធាចាស់តែងតាំង។ តុលាការធម្មនុញ្ញថៃ បានប្រកាសរំលាយគណបក្សនេះកាលពីថ្ងៃពុធ និងហាមឃាត់អតីតមេដឹកនាំបក្ស លោក Pita Limjaroenrat និងសមាជិកបក្សសំខាន់ៗ១០នាក់ផ្សេងទៀត ពីការនយោបាយរយៈពេល១០ឆ្នាំ ដោយសារតែជំហរកំណែទម្រង់របស់បក្សលើច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេស។

យ៉ាងណាមិញ អ្នកវិភាគខ្លះលើកឡើងថា វិនិយោគិននៅអាស៊ីភាគច្រើនយល់ច្បាស់ពីស្ថានភាពនយោបាយរបស់ប្រទេសថៃ ហើយការវិវត្តចុងក្រោយប្រហែលជាមិនប៉ះពាល់ដល់ទំនុកចិត្តរបស់ពួកគេខ្លាំងនោះទេ។
ចំណែកឯប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul វិញ បាននិយាយថា លោកមិនគិតថាការរំលាយគណបក្ស MFP នឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃនោះទេ ព្រោះថា ភាពតានតឹងផ្នែកនយោបាយនឹងធូរស្រាលក្នុងពេលឆាប់ៗនេះ ហើយសេដ្ឋកិច្ចរបស់ប្រទេសនឹងបន្តនៅលើផ្លូវនៃការស្ទុះងើបឡើងវិញ នៅត្រីមាសចុងក្រោយឆ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Sanan យល់ស្របជាមួយអ្នកវិភាគផ្សេងៗទៀត ដែលថា បញ្ហានយោបាយក៏នឹងបន្តមានឥទ្ធិពលលើទំនុកចិត្តរបស់វិនិយោគិន ដែលទាមទារឱ្យពួកគេឃ្លាំមើលជាប់លាប់។
បន្ទាប់ពីករណីរំលាយបក្ស MFP តុលាការធម្មនុញ្ញដដែលគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងលោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធ ទី ១៤ សប្ដាហ៍ក្រោយ។ ក្នុងសំណុំរឿងនោះ អតីតសមាជិកព្រឹទ្ធសភាមួយក្រុមមានគ្នា៤០រូប បានចោទប្រកាន់លោក សេដ្ឋា ពីបទរំលោភធម្មនុញ្ញ និងបទដ្ឋានសីលធម៌ ដោយតែងតាំងអ្នកជាប់គុកម្តងជាសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់ខ្លួន។ មានការលើកឡើងថា សំណុំរឿងនេះ អាចធ្វើឱ្យលោក សេដ្ឋា របូតដំណែងនាយករដ្ឋមន្រ្តីរបស់លោកឮ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


