Connect with us

សេដ្ឋកិច្ច

ទិន្នផលស្រូវសែនក្រអូប០១ អាចប្រមូលបានប្រមាណ ៥ តោន ក្នុងមួយហិកតា

បានផុស

នៅ

លោក គង់ គា ប្រធាននាយកដ្ឋាន ដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពូជស្រូវសែនក្រអូប០១​អាចទទួលបានទិន្នផល​ប្រមាណ ៤,៥ តោន ទៅ ៥ តោន ក្នុងមួយហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពូជស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងឆ្នាំ២០១៩ ។

នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីសាធារណរដ្ឋប្រជាមានិតចិន ដោយសារលក្ខណៈពិសេស​ ដែលមានដូចជា៖ ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសា។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានបញ្ជាក់ថា ប្រភេទស្រូវសែនក្រអូប០១ មានទីផ្សារល្អ ទាំងនៅអឺរ៉ុប និងប្រទេសចិន ខណៈលោកអំពាវនាវឱ្យកសិករងាកមកដាំដុះពូជស្រូវសែនក្រអូប០១ខ្មែរ គ្រាដែលកម្ពុជា​មានទីផ្សារស្រាប់ទាំងនៅចិន និងអឺរ៉ុប។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្ន ស្រូវសែនក្រអូបមានតម្លៃខ្ពស់ជាងឆ្នាំមុន ដែលអាចលក់បានជាង ១៤០០ រៀល ក្នុងមួយគីឡូក្រាម ឡើងពី ១២០០ រៀល កាលពីឆ្នាំមុន ដែលនេះជាសញ្ញាល្អសម្រាប់កសិករ។

យោងតាមបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ក្នុងរយៈពេល៧ខែនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៧១១,១៧៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧៨៤.៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨០.៥០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រភពដដែលបង្ហាញថា កម្ពុជាបានធ្វើការ​នាំចេញអង្ករចំនួន ៣៧៩ ៥៤៦តោន​ ដែលមានទឹកប្រាក់​ប្រមាណ២៨០លាន​ដុល្លារ​តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៤នៅលើពិភព​លោកក្នុងរយៈពេល​៧ខែដើមឆ្នាំ២០២៤នេះ។

ការនាំអង្ករចេញ ទៅកាន់ប្រទេសចិន​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ,២០៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន​ គិតជាទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន   ៣៨ ០៣២ តោន គិតជាទឹកប្រាក់ចំនួន  ៣៣.១៩ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៥២% ប្រភេទអង្ករស ធម្មតា​ ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤%  និងអង្ករផ្សេងៗចំនួន ០.២៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម