ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកកំណត់ ៣០ ប៊ីលានដុល្លារ សម្រាប់កម្ចីបន្ថែម ដើម្បីជួញប្រទេសកំពុងអភិវឌ្ឍ
ប្រធានធនាគារពិភពលោក លោក Ajay Banga បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្ដាច់មុខថា ធនាគារបានបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីធ្វើកំណែទម្រង់លើគោលការណ៍ណែនាំស្ដីពីការផ្តល់ប្រាក់កម្ចីផ្ទៃក្នុងរបស់ខ្លួន ដែលនឹងអាចបញ្ចេញប្រាក់ប្រមាណ ៣០ ប៊ីលានដុល្លារ «ជាកម្ចីបន្ថែម» ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ និងទីផ្សារកំពុងរីកចម្រើន លើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលផ្សេងៗទៀត។

លោក Banga បាននិយាយថា ធនាគារពិភពលោកកំពុងជំរុញការបង្កើនមូលនិធិរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលផ្ដោតលើការជួយប្រទេសក្រីក្របំផុតរបស់ពិភពលោក ឱ្យបានជាង ១០០ ប៊ីលានដុល្លារ។ លោកបន្តថា តាមការស្នើផ្សេងៗពីមេដឹកនាំនៃបណ្ដាប្រទេសនៅអាហ្វ្រិក និងសមុទ្រការ៉ាអ៊ីប ធនាគារកំណត់គោលដៅប្រមាណ ១២០ ប៊ីលានដុល្លារ ។
យ៉ាងណាមិញ ដើម្បីឈានដល់ចំនួនសរុបនោះ ម្ចាស់ភាគហ៊ុនរបស់ធនាគារពិភពលោក និងប្រទេសម្ចាស់ជំនួយ នឹងត្រូវជំរុញការរួមចំណែករបស់ខ្លួន ពី ២៤ ប៊ីលានដុល្លារ ដល់ ៣០ ប៊ីលានដុល្លារ ដែលនឹងក្លាយជាបញ្ហាប្រឈមមួយដោយសារការកើនឡើងនៃប្រាក់ដុល្លារអាមេរិក និងបញ្ហាប្រឈមសារពើពន្ធក្នុងស្រុក។
ជាមួយគ្នានោះ លោក Banga បានថ្លែងថា ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ដែលជាភ្នាក់ងាររបស់ធនាគារពិភពលោក នឹងកាត់បន្ថយអនុបាតមូលធនធៀបនឹងកម្ចីរបស់ខ្លួន ១ ភាគរយ នៅត្រឹម ១៨ ភាគរយ ។ ការផ្លាស់ប្ដូរ ដែលគួបផ្សំនឹងកំណែទម្រង់គោលនយោបាយកំណត់តម្លៃរបស់ធនាគារនេះ មានន័យថា ធនាគារពិភពលោកនឹងបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីសរុបរបស់ខ្លួន ដល់ ១៥០ ប៊ីលានដុល្លារ ក្នុងរយៈពេល ៧ ទៅ ១០ ឆ្នាំ ខាងមុខ។

ការផ្លាស់ប្តូរដដែល ធ្វើឡើងខណៈមានកំណើននៃបញ្ហាប្រឈមជាសកល ដូចជាសង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា គ្រោះមហន្តរាយអាកាសធាតុកាន់តែអាក្រក់ និងកម្រិតបំណុលរដ្ឋាភិបាលដ៏ធំជាដើម។ លោក Banga បាននិយាយថា វិបត្តិដែលកំពុងលេចចេញដ៏ធំបំផុតមួយនោះ គឺទីផ្សារការងារដែលមិនអាចបំពេញតម្រូវការដ៏ច្រើនលើសលុបបាន។ នៅរយៈពេល ១០ ឆ្នាំខាងមុខ នឹងមានមនុស្សប្រមាណ ១,២ ប៊ីលាននាក់ ដល់អាយុធ្វើការ ប៉ុន្តែការងារមានត្រឹមតែ ៨០០ លាន កន្លែងប៉ុណ្ណោះ។
អ្នកជំនាញខ្លះប៉ាន់ស្មានថា ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានទីផ្សារកំពុងរីកចម្រើន នឹងត្រូវការថវិកាយ៉ាងតិច ៣ ត្រីលានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយជំងឺរាតត្បាតនាពេលអនាគត ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀត។
បើតាមរ៉យទ័រ IBRD បានផ្លាស់ប្តូរសមាមាត្រមូលធនធៀបនឹងប្រាក់កម្ចីរបស់ខ្លួនជាលើកចុងក្រោយ ក្នុងឆ្នាំ ២០២៣ ដោយទម្លាក់វាមកត្រឹម ១៩ ភាគរយ ពី ២០ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ