Connect with us

កីឡា

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ «មូលនិធិ​គុន​ខ្មែរ​» បាន​ជួយ​សាងសង់​ក្លឹប​ចំនួន​ ១៥​ក្លឹប​ហើយ​គិត​មក​ដល់​ពេល​នេះ​

បានផុស

នៅ

លោក​ ខូវ​ ឆាយ​ «មូលនិធិ​គុន​ខ្មែរ»​ របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បើ​គិត​មក​ដល់​ពេល​នេះ​បាន​ជួយ​សាងសង់​ក្លឹប​គុន​ខ្មែរ​តាម​បណ្ដា​ខេត្ត-ក្រុង ​សរុប​ ១៥​ក្លឹប​មក​ហើយ​ និង​បាន​ឧបត្ថម្ភ​ជា​សម្ភារ​ហ្វឹកហាត់​ដល់​ក្លឹប​ចំនួន​ ២០​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​សម្ពោធក្លឹប

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ លោក​ ខូវ​ ឆាយ​ បាន​លើក​ឡើង​ថា​ លោក​មាន​កិត្តិយស​ក្រៃលែង​ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ “ក្លឹបមហាគ្រុឌគុនខ្មែរ” ខេត្តក្រចេះ។​

ក្លឹប​មហាគ្រុឌគុនខ្មែរ​ គឺ​ជា​ក្លឹប​ប្រដាល់​ថ្មី​មួយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​ «មូលនិធិ​យើងជួយគ្នាលើកស្ទួយជួយគុនខ្មែរ» ជា​គំនិត​ផ្តួចផ្តើម​ដ៏ថ្លៃថ្លា​របស់សម្តេច តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ក្នុង​គោលបំណង​ជួយ​សាងសង់​ និង​ទ្រទ្រង់​ក្លឹប​ដែល​ខ្វះខាត​តាម​មូលដ្ឋាន​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​គុនខ្មែរ​នៅ​ទូទាំង​ប្រទេស។​

លោក ខូវ ឆាយ​ (កណ្ដាល)

លោក​ ខូវ​ ឆាយ​ បន្ថែម​ទៀត​ថា​ គិតមកដល់ពេលនេះ «មូលនិធិគុនខ្មែរ» បានចូលរួមសាងសង់ក្លឹបគុនខ្មែរទាំងការជួយសាងសង់មួយផ្នែក និងការជួយសាងសង់ទាំងស្រុង បានសរុបចំនួន ១៥ក្លឹបរួចហើយ នៅតាមបណ្តាខេត្ត និងរាជធានី និងបានជួយជាសម្ភារៈហ្វឹកហាត់ដល់ក្លឹបចំនួន ២០ផងដែរ។

ទិដ្ឋភាព​សម្ពោធក្លឹប

ថ្នាក់ដឹកនាំ​ប្រដាល់រូប​​នេះ​លើក​ឡើង​ទៀត​ថា​ នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​គុនខ្មែរ​ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាន់​ក្រោយ។​ លោក​ជឿជាក់​ថា​ក្លឹបគុនខ្មែរ​ មិនមែន​គ្រាន់​តែ​ជា​កន្លែង​ហ្វឹកហាត់​កីឡា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​អប់រំយុវជន​ឱ្យ​មាន​វិន័យ​ សីលធម៌ ​សុខភាពល្អ​ រាងកាយ​មាំមួន​ និង​ជួយ​ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ និង​អំពើ​អបាយ​មុខគ្រប់ប្រភេទ។ សម្រាប់​អ្នក​ដែល​មាន​ទេពកោសល្យ​ និង​ឆន្ទៈខ្ពស់ ​គុនខ្មែរ​ក៏​អាច​ក្លាយ​ជា​អាជីព​ដ៏​មាន​កិត្តិយស​ និង​អាចផ្លាស់ប្តូរជីវិត និងនាំមកនូវភាពរុងរឿងសម្រាប់គ្រួសារផងដែរ។

បញ្ជាក់​ដែរ​ថា​ “ក្លឹបមហាគ្រុឌគុនខ្មែរ” ដែល​ទើប​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​គឺ​មាន​ទីតាំង​នៅ​ឯ​ខេត្តក្រចេះ។​ លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​នោះ​ផង​ដែរ៕​ (ប្រភព៖​ ហ្វេសបុក លោក​ ខូវ ឆាយ)

គូថ្នាល​ប្រកួត​អបអរថ្ងៃសម្ពោធក្លឹប​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម