Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

បានផុស

នៅ

នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទីជិត ៦០ ម៉ឺន​តោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹង​រយៈ​ពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ ៤៨០ លានដុល្លារ។ ប្រទេសវៀតណាមជាទីផ្សារស្វាយចន្ទីធំជាងគេរបស់កម្ពុជា។ នេះបើយោងតាមរបាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទិន្នផល និងតម្លៃគ្រាប់​ស្វាយ​​​ចន្ទី មានភាពល្អប្រសើរនៅឆ្នាំនេះ ថ្វីបើមានការធ្លាក់ភ្លៀងច្រើន ដែលធ្វើឱ្យ​គុណ​ភាពចន្ទីធ្លាក់​ចុះ​បន្តិច ប៉ុន្តែតម្លៃទីផ្សារបានថេរល្អ ចន្ទីស្រស់​លក់បានតម្លៃជាង ៥ ពាន់រៀលក្នុងមួយគីឡូក្រាម និង​ចន្ទី​ស្ងួតជាង ៧ ពាន់រៀល ក្នុងមួយគីឡូក្រាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា​ កម្ពុជាត្រូវមានយន្តការច្បាស់​លាស់ទើបរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យមានស្ថេរភាពជូនដល់កសិករ ដោយយន្តការចម្បងគឺគាំ​ទ្រការ​បង្កើត​​​​រោង​ចក្រកែច្នៃក្នុងស្រុកឲ្យបានច្រើន តាម​គោលនយោបាយជាតិស្ដីពីស្វាយ​ចន្ទីដែល​បានកំណត់ ២៥% រវាងឆ្នាំ ២០២២-២០២៧។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជ​រដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍វិស័យ​ស្វាយចន្ទីកម្ពុជា។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «បច្ចុប្បន្នអ្វីៗ នៅល្អប្រសើរទាំងអស់ រាល់ទនិន្ន័យ​ដែលយើង​មាន មិនថាទិន្នផល តម្លៃ មិនថាគោលនយោបាយ និងការគាំទ្រពីរដ្ឋាភិបាល ទាំងសហគមន៍​កសិ​កម្មទំនើប ក៏ដូចជាការរៀបចំសួនឧស្សាហកម្មកែច្នៃ ដើម្បីតម្លៃបន្ថែម សុទ្ធតែជារឿងល្អ ខ្ញុំអត់​មាន​ឃើញសញ្ញាបារម្ភពាក់ព័ន្ធបញ្ហាតម្លៃចន្ទីទេ»។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា នៅឆ្នាំនេះ គ្រាប់ស្វាយ​ចន្ទី​សើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ក្នុងមួយគីឡូក្រាម និងមាន​តម្លៃ​ចន្លោះ ៤៨០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និង​គុណ​​ភាព​គ្រាប់ បើ​ប្រៀប​​​ធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយ​ចន្ទី​ឆ្នាំ​​២០២៥​នេះ មាន​តម្លៃ​ខ្ពស់​​ជាងគេ ដោយសារមានទីផ្សារល្អ។

នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយ​ចន្ទី​ចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១ ពាន់ ១៥០ លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះ​នាំចេញ​ទៅវៀត​ណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម