កូវីដ-១៩
អភិបាលខេត្តព្រះសីហនុ៖ វិធានការបិទខ្ទប់ធ្វើឱ្យអត្រាឆ្លងកូវីដធ្លាក់ចុះក្រោម ១ភាគរយ
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា វិធានការបិទខ្ទប់នៅក្រុងព្រះសីហនុក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះទទួលបានលទ្ធផលជោគជ័យ ដោយធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ‑១៩ ធ្លាក់ចុះជាបន្តបន្ទាប់ពី២០ភាគរយរហូតដល់ក្រោម១ភាគរយ។

ថ្លែងនៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់តំបន់ក្រហមនៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែឧសភា នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា មកទល់ពេលនេះជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមិនទាន់គ្រប់គ្រងបានទាំងស្រុងនោះទេ ក៏ប៉ុន្តែលទ្ធផលដែលបានពីការបិទខ្ទប់តំបន់ក្រហមដែលមានការឆ្លងរាលដាលច្រើន ដោយរដ្ឋបាលខេត្តបានប្រមូលផ្ដុំការបិទខ្ទប់ និងប្រមូលប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទៅយកសំណាក ហើយបេសកកម្មនេះបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១កន្លងមក។
លោកអភិបាលខេត្តបានបន្តទៀតថា៖ “ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាក អត្រាការឆ្លងមានកម្រិតខ្ពស់ មានរហូតជាង ២០ភាគរយ។ ក្រោយពេលបិទខ្ទប់ អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគរយ។ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយនៃជំងឺកូវីដ-១៩ វានឹងអាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់”។
លោកអភិបាលខេត្តបានបន្ថែមថា៖ “យើងក៏បានប្រមូលអ្នកឆ្លងជំងឺកូវីដនៅខេត្តព្រះសីហនុ មានរហូតចំនួន ២,៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១,៥៥៣នាក់ នេះជាលទ្ធផលនៃការបិទខ្ទប់របស់យើង”។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តការគ្រប់គ្រងតាមទីសំណាក់ ឬផ្ទះដែលមានអ្នកវិជ្ជមានកូវីដ-១៩បន្តទៀត ដោយសំដៅលើក្រុមគ្រួសារណាដែលមានវិជ្ជមានកូវីដ-១៩ ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយ អប់រំ ការណែនាំ ការពិន័យអន្តរការណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យការយកសំណាកជុំទី២ មានការថយចុះ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានឱ្យដឹងទៀតថា គណៈបញ្ជាការឯកភាពខេត្តបានប្រជុំពិភាក្សាកែសម្រួលកាត់បន្ថយតំបន់ក្រហម ព្រោះក្រុមការងារធ្វើការយកសំណាករួចហើយ ម្យ៉ាងទៀតរដ្ឋបាលខេត្តបន្តបិទខ្ទប់ផ្ទះណាដែលមានការចម្លងថ្មីតែប៉ុណ្ណោះ ដោយសារពួកគាត់មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ បានល្អ។
លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានស្នើសុំទៅសម្តេចតេជោ រំសាយកងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៣១ បណ្តោះអាសន្ន សូមប្រជាពលរដ្ឋត្រឡប់ទៅអង្គភាពដើម ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅអង្គភាព ប្រសិនមានករណីចាំបាច់ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងស្នើសុំជាថ្មីម្តងទៀត។
លោកអភិបាលខេត្តក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះមេបញ្ជាការ បញ្ជាការរង និងអគុណក្រុមគ្រួសារនៃកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមនៅទីនេះ ចំនួនជាង ២០០នាក់ ទទួលបានសុខភាពល្អ ជោគជ័យក្នុងក្រុមគ្រួសារ និងឈ្នះជំងឺកូវីដ-១៩ ទាំងអស់គ្នា។

គួរបញ្ជាក់ថាដោយមានការណែនាំពីសម្ដេចតេជោក្នុងដំណើរការបិទខ្ទប់ (តំបន់ក្រហម) ក្រុងព្រះសីហនុ ដែលមានឆ្លងរាលដាលធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការមិនមានចំនួនមិនគ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មបិទខ្ទប់ក្នុងក្រុងព្រះសីហនុ សម្ដេចតេជោបានឱ្យកម្លាំងខាងក្រៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួនពីរអង្គភាពមានដូចជា កងកម្លាំងយោធភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ”រាម” បានចូលរួមក្នុងកិច្ចប្រតិបត្តិការរយៈពេល ២១ថ្ងៃកន្លងមកនេះ៕អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


