Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ បើកប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ជំរុញផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ជាតិ

បានផុស

នៅ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌ជាតិ សមាគមសិល្បករខ្មែរ បានប្រកាសរៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ដោយអញ្ជើញសាធារណជនទូទៅ ជាពិសេសយុវជន សិស្សនិស្សិត និងអ្នកស្រលាញ់ការផលិតមាតិកា ចូលរួមបង្ហាញស្នាដៃច្នៃប្រឌិតរបស់ខ្លួន។ ចំណែកឯការទទួលស្នាដៃវីដេអូ នឹងបញ្ចប់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះមានគោលបំណងលើកស្ទួយការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងរបៀបរស់នៅតាមតំបន់នានា ក្នុងភូមិស្រុករបស់បេក្ខជន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

កម្មវិធីប្រកួតវីដេអូខ្លីនេះ បើកឱកាសឲ្យសាធារណជនទូទៅចូលរួម មិនថាជាបុគ្គល ក្រុម ឬសហគមន៍ឡើយ ដោយមានគោលបំណងលើកទឹកចិត្តការច្នៃប្រឌិត និងការចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ។ ស្នាដៃវីដេអូដែលដាក់ប្រកួត ត្រូវមានរយៈពេលមិនលើសពី ១នាទី និងត្រូវបន្ថែមអក្សររត់ (Subtitles) ជាភាសាអង់គ្លេស ដើម្បីអាចឱ្យទស្សនិកជនអន្តរជាតិយល់បានកាន់តែងាយស្រួល

ក្នុងការផលិតវីដេអូ បេក្ខភាពត្រូវចៀសវាងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយមាតិកាត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ដោយមិនបង្ហាញឬប៉ះពាល់ដល់នយោបាយ ជំនឿសាសនា ឬស្ថាប័នព្រះមហាក្សត្រ។ វីដេអូដែលបានថត ត្រូវបង្ហោះលើគណនី Facebook ផ្ទាល់ខ្លួន ដោយភ្ជាប់ Tag ទៅកាន់ទំព័រផ្លូវការរបស់សមាគមសិល្បករខ្មែរ និងដាក់ Hashtag #លេងសង្រ្កាន្តមកលេងស្រុកខ្ញុំ #VisitSangkranta និង #VisitMyHometown

បន្ថែមពីនេះ បេក្ខភាពនីមួយៗត្រូវផ្ញើ Link វីដេអូដែលបានបង្ហោះ ព្រមទាំង File វីដេអូដើម មកកាន់ Telegram ផ្លូវការរបស់សមាគម ដើម្បីធានាបាននូវការចូលរួមត្រឹមត្រូវតាមលក្ខន្តិកៈ។ ការទទួលស្នាដៃវីដេអូ នឹងបញ្ចប់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ហើយលទ្ធផលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីការវិនិច្ឆ័យយ៉ាងយុត្តិធម៌ និងត្រឹមត្រូវពីគណៈកម្មការ។ ក្នុងនោះ ក៏មានការផ្តល់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី (៥រង្វាន់) ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរស័ព្ទ៖ ០៩៥ ៨២៧ ៨២៧ ។

កម្មវិធីនេះគឺជាឱកាសល្អសម្រាប់យុវជន និងអ្នកស្នេហាសិល្បៈក្នុងការបង្ហាញសមត្ថភាព ក៏ដូចជារួមចំណែកលើកស្ទួយភាពរុងរឿងនៃវប្បធម៌ និងទេសចរណ៍កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម