Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែកនៃការចាកចេញ របស់លោក ទ្រី សុីថេង

បានផុស

នៅ

បន្ទាប់ពីសកម្មភាពនៃការឃាត់ដំណើររបស់ដំរីញីមួយក្បាលឈ្មោះ ឡាក់គី ដែលមហាជនទូទៅបានស្កាល់ថា ជាដំរីមួយក្បាលដែលធ្លាប់មានវត្តមានក្នុង MV ចម្រៀងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ស្រាប់តែមានសិល្បករសិល្បការិនី ពិសេសមហាជន បង្ហាញចម្ងល់ជាខ្លាំងជុំវិញការចាកចេញរបស់លោក ទ្រី សុីថេង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវនៃការចាកចេញពីអាជីពមួយដែលលោក ទ្រី សុីថេង បានចាយពេលប្រមាណជា ៣០ឆ្នាំនេះ ត្រូវបានមហាជន ពិសេសអ្នកសិល្បៈបង្ហាញក្តីចម្ងល់ថា តើមូលហេតុអ្វីនៃការដើរចេញពីការងារនេះ ខណៈសូម្បីតែក្នុងគ្រាដែលឧទ្យានជាតិមួយនេះ ធ្លាប់បាត់ប្រជាប្រិយភាពជាច្រើនឆ្នាំដោយស្ទើរតែគ្មានទេសចរទៅកម្សាន្តក៏ដោយ។

ការចាកចេញនៅគ្រានេះ សាធារណជនខ្លះ បានយល់ថា អាចទាក់ទងនឹងសារមួយនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែមិថុនានេះ ដែលរៀបរាប់ថា “៣០ឆ្នាំនៅជាមួយសត្វព្រៃ ពិតជាទន់ជ្រាយណាស់ អ្នក៥ខែសោះ អ្នកពិតជាមានអំណាចខ្លាំងណាស់ សុំចុះចាញ់ហើយលោក” ។

ខ្លឹមសារខាងលើនេះ បានធ្វើឱ្យមានមតិវែកញែកជាច្រើន ដោយយល់ថា អ្នកមើលថែសត្វរូបនេះ ទំនងជាមានផលវិបាកឬអាចរងសម្ពាធខ្លាំង ទើបសម្រេចចិត្តដើរចេញ។

យ៉ាងណា ដ្បិតមិនបានដឹងលម្អិតលើហេតុផលដែលនៅពីក្រោយក៏ដោយ មហាជនក៏បានទទូចឱ្យលោកវិលត្រឡប់ទៅបម្រើការនៅសួនសត្វវិញ និងបន្តមើលថែ ដំរីដ៏កម្សត់ឡាក់គី ។ ក្នុងនោះ អ្នកល្បីខាងធ្វើទីផ្សារលោក ឡង់ឌី ឬមហាជនស្គាល់ថា Peypey Dy ក៏បានចេញមុខស្នើឱ្យអ្នកពាក់ព័ន្ធជួយគិតគូរលើរឿងនេះផង ក្នុងករណីបើសិនជាលោក ទ្រី សុីថេង ចាកចេញដោយបង្ខំចិត្តមែន។

លោកថា “តើមានអ្នកណាដែលអាចជួយអន្តរាគមន៍ និងអាចដោះស្រាយចំពោះបញ្ហាដែលកើតឡើងបានទេ?
មិនដឹងថាបណ្តាលមកពីដើមហេតុណាទេ គ្រាន់តែស្រណោះពេលដែលឃើញសត្វដំរីព្យាយាមឃាត់ដំណើរនៃការចាកចេញរបស់អាណាព្យាបាលគេ ហើយរឹតតែមិនអាចទប់ទឹកភ្នែកនឹងសម្រែកស្រែកទ្រហឹងរបស់ដំរីពេលកំពុងរត់តាម ហាក់បីដូចជាកំពុងអង្វរ និងកាន់តែមិនអាចទទួលយកការបែកគ្នាបាន នៅពេលដែលសត្វដំរីឈរស្ងៀមអោយអាណាព្យាបាលគេអង្អែលដោយក្តីស្រលាញ់ និងក្តីអាឡោះអាល័យ”។

ដ្បិតមិនដឹងនូវហេតុផល តែពាក់ព័ន្ធនឹងការលើកឡើងជាមតិទាំងអស់នេះ មហាជនគ្រាន់តែមានការអាសូរខ្លាំងចំពោះសត្វដំរីមួយក្បាលនេះ និងចង់សុំឱ្យលោក ទ្រី សុីថេង ត្រឡប់ទៅមើលថែឡាក់គីវិញប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម