Connect with us

ព័ត៌មានជាតិ

សួនសត្វភ្នំតាម៉ៅ ទទួលកូនដំរីអាយុ ៥ ខែ ឈ្មោះ «លំផាត់» ​មក​សង្គ្រោះព្យាបាល

បានផុស

នៅ

កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាតក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។

ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។

ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការជាមួយរដ្ឋបាលព្រៃឈើស្នើសុំគោលការណ៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។

សូមជម្រាបថា «លំផាត់» គឺជាកូនដំរីទី២ហើយ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទទួលមកព្យាបាល និងថែរក្សា។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ត្រីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា មកទល់ពេលនេះ កូនដំរី «ចាណាម» មានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានទទួលការថែទាំយ៉ាងល្អពីមន្ដ្រីជំនាញប្រចាំមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម